ព្រះសីហនុ៖ រយៈពេល៤ឆ្នាំ ខេត្តព្រះសីហនុ មានគម្រោងសាងសង់ចំនួន ១៣៥៥គម្រោង លើផ្ទៃក្រឡាសំណង ១៣.១០៧.២០៩ម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ៧០៩៩លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលរៀបចំដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស កាលពីថ្មីៗនេះ។
ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យៃំណង់បានរហូតដល់ ៧០៩៩លានដុល្លារ។ ជាការថ្លែងបន្តរបស់ លោក គួច ចំរើន បានបន្តទៀតថា ដោយឡែក សម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត គិតចាប់ពីឆ្នាំ ២០០៥-២០២០ មានកម្ពស់ចាប់ពី ៥ដល់ ៥៣ជាន់ មានចំនួន ៥២៩គម្រោង។
លោក បានថ្លែងដោយមានមោទនភាពឱ្យដឹងថា បច្ចុប្បន្ន វត្តមានអាគារខ្ពស់ៗកប់ពពក កើនឡើងយ៉ាងព្រោងព្រាត នៅលើផ្ទៃដី និងហេដ្ឋារចនាសម្ព័ន្ឋដ៏ល្អផងដែរ ប្រៀបបីដូចជាកូនក្រមុំម្នាក់តែងខ្លួនរួច ត្រៀមចូលរោងការប៉ុណ្ណោះ។
នៅក្នុងសន្និសីទខាងលើ លោក អភិបាលខេត្តព្រះសីហនុបានថ្លែងបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាលបានដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ខេត្តព្រះសីហនុ បាននឹងកំពុងពង្រីកល្បឿននៃការអភិវឌ្ឍ និងក្លាយជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិបាលចិន។
តាមរយៈគោលនយោបាយនេះ ផ្លូវរថភ្លើងត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់ ២៣០០ម៉ែត្រ សម្រាប់ផ្លូវរត់របស់យន្តហោះ ដែលអនុញ្ញាតឱ្យយន្តហោះខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រភ្នំពេញ-ព្រះសីហនុ កំពុងសាងសង់យ៉ាងសកម្ម។
លោក អភិបាលខេត្តរូបនេះ ក៏បានថ្លែងឱ្យដឹងបន្ថែមថា ខេត្តព្រះសីហនុ មានគ្រាប់ពេជ្រដ៏អស្ចារ្យ គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប ឆ្នេរស្អាតជាងគេលើពិភពលោក ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។ លោក បញ្ជាក់ថា «ក្នុងចំណោមបណ្តាខេត្តជាប់តំបន់ឆ្នេរ ខេត្តនេះ មានកោះច្រើនជាងគេ និងតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេផងដែរ។ ដូចជាតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង តំបន់សេដ្ឋកិច្ចពិសេសនៅតំបន់កំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកព្រៃនប់ជាដើម»។
ផ្លូវជាច្រើនខ្សែបានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុក ដែលរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ជាលទ្ធផលខេត្តនេះកំពុងនាំមុខគេក្នុងចំណោមរាជធានី-ខេត្តទាំង២៥។ ជាការថ្លែងបន្ថែមទៀតរបស់ លោក គួច ចំរើន។
សកម្មភាពភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះនានាបានកើនឡើង ទាំងភ្ញៀវជាតិ អន្តរជាតិ និងមានសកម្មភាពវិនិយោគជាច្រើនផងដែរ ទាំងអ្នកវិនិយោគក្នុងស្រុកនិងបរទេស។ បើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ បន្តថា បច្ចុប្បន្ន អ្នកវិនិយោគចិន ភ្ញៀវទេសចរណ៍ចិន និងភ្ញៀវទេសចរដទៃទៀត បានមកខេត្តព្រះសីហនុ កើនឡើង មួយសប្តាហ៍គិតជាមធ្យម មានភ្ញៀវជាង ១ម៉ឺននាក់ ហើយមានជើងហោះហើរ ៣លើកមកកាន់ខេត្តនេះ ដែលភាគច្រើនអ្នកធ្វើដំណើរជាជនជាតិចិន ដែលជាអ្នកវិនិយោគ អ្នកធ្វើការងារផ្សេងៗ និងភ្ញៀវទេសចរ៕
ដោយ៖ Moeun Dyna