Register Already an agent ? Login

គម្រោងសកម្មភាពអាទិភាពអភិវឌ្ឍក្រុងព្រះសីហនុ ឆ្នាំ២០២១ មាន ៤៧គម្រោង

ព្រះសីហនុ៖ គម្រោងសកម្មភាពអាទិភាពអភិវឌ្ឍរបស់ក្រុងព្រះសីហនុ ឆ្នាំ២០២១ មាន៖ ១.ផ្នែកសេដ្ឋកិច្ចមាន ១១គម្រោង, ២.ផ្នែកសង្គមកិច្ចមាន ១៧គម្រោង, ៣.ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការ ប្រែ ប្រួលអាកាសធាតុមាន ១៨គម្រោង និងទី៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ២១គម្រោង។ បើតាមការលើកឡើងឱ្យដឹងពី លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ។

នៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គង់ សោភា បានលើកឡើងបន្តថា កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ក្រុងព្រះសីហនុ រៀបចំស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ។

លោក ថ្លែងបន្តទៀតថា និងការកសាងផែនការវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ២០២០-២០២៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ឆ្លើយតបតាមតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងសិក្ខាសាលាខាងលើ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុបានថ្លែងថា កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងព្រះសីហនុ ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលក្រុង និងសង្កាត់ នៃក្រុងព្រះសីហនុ ជាសកម្មភាពដែលមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន។

អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបន្តថា កម្មវិធីនេះ ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់គោលដៅជួយគាំទ្រគម្រោង ឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននីមួយៗ សម្រាប់ស្វែងរកប្រភពមូលនិធិដើម្បីជួយគាំទ្រគម្រោងវិនិយោគជាអាទិភាពរបស់ក្រុង និងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ។

«កម្មវិធីវិនិយោគនេះ តម្រូវការចាំបាច់ដល់ការលើកស្ទួយជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ព្រមទាំងរួមចំណែកអនុវត្តឱ្យបាន សម្រេចនូវផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង និងសង្កាត់តាមគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ»។ ជាការបញ្ជាក់របស់ លោក លៀម សុដា។

បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីនុ លោក ឃាង ភារម្យ ដែលបានប្រាប់ គេហទំព័រអចលនទ្រព្យអាស៊ីកាលពីថ្មីៗនេះថា ខេត្តនេះ សកម្មភាពភ្ញៀវទេសចរ ទៅលេងតាមបណ្តាកោះនានាបានកើនឡើង ទាំងភ្ញៀវជាតិ អន្តរជាតិ និងមានសកម្ម​ភាពវិនិយោគជាច្រើនផងដែរ ទាំងអ្នកវិនិយោគក្នុងស្រុកនិងបរទេស។ លោក ទោះជាយ៉ាងណាអ្នកវិនិយោគអន្តរជាតិធំៗខ្លះ បានត្រឡប់មកកាន់ខេត្តព្រះសីហនុវិញ ខ្លះមិនទាន់ត្រឡប់មកនៅឡើយទេ ដោយសារបញ្ហាជំងឺកូវីដ-១៩។

បច្ចុប្បន្ន វិនិយោគិនចិន ភ្ញៀវទេសចរចិន និងភ្ញៀវទេសច​រ ដទៃទៀតបានមកខេត្តព្រះសីហនុកើនឡើង ១សប្តាហ៍គិតជាមធ្យម មានជាង ១ម៉ឺននាក់ ហើយក្នុង ១សប្តាហ៍ គិតជាមធ្យមមានជើងហោះហើរបីលើក។ ជាការបញ្ជាក់របស់ លោក លោក ឃាង ភារម្យ។  

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុ បានថ្លែងថា ស្ថានភាពនៅខេត្តព្រះសីហនុ នឹងរកភាពយ៉ាប់យឺនរយៈពេល ៦ខែទៀត ដើម្បីវិលមករកភាពប្រសើរឡើង ត្រូវការរយៈពេល ១ឆ្នាំ ទៅ១ឆ្នាំកន្លះទៀត ខណៈវិស័យទេសចរណ៍ក៏រងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែអាជីវកម្មផ្សេងៗទៀតនៅអាចដំណើរការធម្មតា។

លោកបន្តថា ផ្នែកទីផ្សារជួលបាននិងកំពុងរងផលប៉ះពាល់ខ្លាំង ប៉ុន្តែតម្លៃនឹងវិលមករកតុល្យភាពជាមួយនឹងសេដ្ឋកិច្ចវិញ។ លោក ថា ពីមុនផ្ទះមួយល្វែងជួលបាន ៨០០ដុល្លារ ប៉ុន្តែពេលពពុះសាប៊ូកើតឡើង ធ្វើឱ្យតម្លៃកើនដល់ ៧០០០ទៅ ៨០០០ដុល្លារ៕

ដោយ៖ Moeun Dyna