ភ្នំពញ៖ នៅក្នុងប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចយកថ្ងៃទី១៦ ខែនេះ បើកការដ្ឋានធ្វើផ្លូវ ៣៨ខ្សែ ដែល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញជាធិបតីបើកសម្ពោធការដ្ឋានសាងសង់។ ប៉ុន្តែ យោងតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ថា នឹងត្រូវពន្យាពេល ដោយមិនទាន់ដឹងកាលបរិច្ឆេទពេលណានៅឡើយទេ។
ទំព័រហ្វេសប៊ុក សម្ដេច នាយករដ្ឋមន្រ្តីបាន សរសេរថា បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ២០២០ មានវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ។
នេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ជាការបន្តរបស់ សម្ដេច បញ្ជាក់ថា ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។
ទោះបីខ្ញុំមិនមានឆ្លងកូវីដ-១៩ ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅក៏មិនអាចជួបបានដែរ។ ជាការបន្តទៀតនៅក្នុងទំព័រហ្វេសប៊ុករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីប្រទេសចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានសូមអភ័យទោសទៅប្រជាពលរដ្ឋដែលនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែល សម្ដេច មិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបាន សម្ដេច នឹងចាត់តំណាងទៅចែកជំនួស។
សម្ដេច នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា «សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា ឆ្នាំ២០២០ ទៅពេលក្រោយវិញ»។
រាជរដ្ឋាភិបាលកម្ពុជា សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ ដែលសម្ដេច មិនអាចចូលរួមប្រជុំបាន ប៉ុន្តែ សម្ដេច នាយករដ្ឋមន្រ្តី នឹងចាត់តំណាងចូលរួមពីថ្ងៃ ១២ដល់ថ្ងៃ ១៥វិច្ឆិកា២០២០ខាងមុខនេះ។
សូមរម្លឹកថា ផ្លូវក្នុងក្រុងសៀមរាបទាំង ៣៨ខ្សែ មានប្រវែងសរុបប្រមាណជាង ៩៨គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែល សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា ឆ្នាំ២០២០៕
ដោយ៖ Moeun Dyna