![](https://s9.kh1.co/a2/a2ac4203feb3d8e15f6187002559f49cd50df5fd.jpg)
ព្រះសីហនុ៖ ការពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ បានបញ្ចប់ជាស្ថាពរហើយ អាចឱ្យយន្តហោះប្រភេទធំៗ ចុះចតបាន។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា គ្រោងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ខាងមុខនេះ។
រដ្ឋបាលខេត្តបានបន្តថា គ្រោងបើកឱ្យដំណើរចុងឆ្នាំនេះ ដើម្បីឆ្លើយតប ទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (Code E) ដូចជាយន្តហោះ B-777-300ER ឬយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
![](https://s9.kh1.co/c8/c8eb5785a68fa5661551b2c079850e0a2d3ba063.jpg)
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែតុលា នេះ។
![](https://s9.kh1.co/c7/c70e0640cce623c805ca6520a3d15b8295b5583d.jpg)
នៅក្នុងពិធីខាងលើ លោក ម៉ៅ ហាវណ្ណាល់ មានប្រសាន៍ថា សមិទ្ធិផលនេះបានឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងកំណើននៃអ្នកធ្វើដំណើរតាមជើងហោះហើរ ពីបណ្តាប្រទេសនានាមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាបន្តបន្ទាប់។
![](https://s9.kh1.co/f2/f2c4b755b9393106e9a23467706f571e47f5da62.jpg)
នៅក្នុងពិធីនោះ លោក គួច ចំរើន មានប្រសាសន៍ដែរថា ការរីកចម្រើនខាងវិសយ័អាកាសចរណ៍នេះ នឹងបំពេញបន្ថែមបម្រើដល់ការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេច ហ៊ុន សែន ផ្តល់ថវិកាកសាងផ្លូវ ថ្នល់ និងហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀតក្នុងខេត្តព្រះសីហនុ។
![](https://s9.kh1.co/61/61dc2c5bc161073d76bd5e6d36299e2478b83ae2.jpg)
សូមបញ្ជាក់ ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨លាន។
គួរកត់សម្គាល់ថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរឱ្យទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍន៍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ។
![](https://s9.kh1.co/18/18cd341503ce70f755654b28f862775e0f0effbe.jpg)
ដើម្បីប្រើប្រាស់សក្តានុពលដ៏សំបូរបែបរបស់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស និងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រ ឱ្យដល់ ៣,៣០០ម៉ែត្រ បន្ថែមពីលើការពង្រឹងផ្លូវផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន៕
ដោយ៖ Moeun Dyna