ភ្នំពេញ៖ លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាទូទាំងប្រទេស រយៈពេល៩ខែ ឆ្នាំ២០២០ សម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ហិកតា ស្មើនឹង ១០៤,៨៧ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា លើសឆ្នាំ២០១៩ ចំនួន ៧០ ២១៧ហិកតា។ បើតាមរបាយការណ៍ លើគណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
របាយការណ៍របស់ លោករដ្ឋមន្រ្តីបានបន្តឱ្យដឹងថា ស្រូវស្រាលចំនួន ៨២៨ ៧៣៣ហិកតា, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ហិកតា, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ហិកតា, ស្រូវចម្ការចំនួន ២០ ៦៦៨ហិកតា និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ហិកតា។
លោក បន្តទៀតថា ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ហិកតា ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣,៨១០តោន ក្នុង១ហិកតា។
បើតាមរបាយការណ៍របស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានបន្ថែមទៀតថា ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង ៥,៨លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖
អង្ករ សម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២,៦៣ភាគរយ ដែលធៀបទៅនឹងរយៈ ៩ខែដើមឆ្នាំ២០១៩ (៣៩៨ ៥៨៦តោន) បាននាំចេញទៅកាន់ ៦០ប្រទេស។ ស្រូវ សម្រេចបាន ១ ៣៩២ ៣០៦តោន, ថយចុះប្រមាណជា ១៧ភាគរយ ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០,៥ភាគរយ, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។ គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។
ចេកស្រស់ សម្រេចបាន ២៣៥ ១៧១,៦៣តោន ស្មើនឹង ២២៥,៦៩ភាគរយ ធៀបប្រៀបទៅនឹងឆ្នាំ២០១៩ បាននាំចេញទៅកាន់ប្រទេស ចិន, វៀតណាម និងជប៉ុន។ ក្រូចថ្លុង សម្រេចបាន ១៥ ១៥០តោន មានកំណើន ១០០ភាគរយ ទៅកាន់ប្រទេសថៃ។ ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨,៦៤តោន បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។ ស្វាយស្រស់ សម្រេចបាន ៦២ ៩២០,៥៦តោន ស្មើនឹង ១៥៨,៨៣ភាគរយ ធៀបប្រៀបនឹងឆ្នាំ២០១៩ បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង។
ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦តោន បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ។ ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន ១ ២០២ ៦៤៤,៨១តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)។ ម្សៅដំឡូងមី សម្រេចបាន ១២ ០០២តោន បានថយចុះ ៥៦,៧២ភាគរយ បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។
ម្រេច សម្រេចបាន ៤ ១២១,៩៥ តោន ស្មើនឹង ១២៣,៧៦ភាគរយ ធៀបប្រៀបទៅនឹងឆ្នាំ២០១៩ បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
ម្ទេសស្រស់ ៥៥ ១៥៤,៦០តោន និងម្ទេសក្រៀម ១ ៥០០តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩ បាននាំចេញទៅកាន់ប្រទេសថៃ។ បន្លែ សម្រេចបាន ៨៧,៥៧តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់។ ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញ៕
ដោយ៖ Moeun Dyna