ភ្នំពេញ៖ ក្នុងពិធីប្រគល់ទទួលគ្រឿងចក្រសាងសង់ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងឱ្យដឹងថា រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងប្រមាណ ៩៤០,១លានដុលារ សម្រាប់ស្ដារ-សាងសង់ផ្លូវ និងស្ពាន។
នៅក្នុងពិធីខាងលើ លោក រដ្ឋមន្ត្រីបានថ្លែងបន្តថា ផ្លូវជាតិលេខ៦ ,ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ។ ស្ពានធំៗ ដែលបានសាងសង់រួច រួមមានស្ពានគីហ្សូណា, ស្ពានត្យឹបាសា ដែលមានប្រវែងសរុប ៣.៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ ១៨៦លានដុល្លារ និងជួសជុសស្ពានជ្រោយចង្វារប្រវែងសរុប ១.០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០លានដុល្លារ។
បច្ចុប្បន្ន ជប៉ុនកំពុងតែផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងសាង់សងស្ពានឡើងវិញជាបន្តបន្ទាប់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន ៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ ជាការថ្លែងបន្ថែមរបស់ លោក រដ្ឋមន្រ្តីដឹកជញ្ជូនឱ្យដឹងទៀតថា ផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ បាននឹងកំពុងសាងសង់ ក៏ជាឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនផងដែរ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារ។
លោក ស៊ុន ចាន់ថុលបានបន្ថែមទៀតថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ស្របពេលជាមួយគ្នានេះ ចំនួនរថយន្ដដឹកទំនិញ និងរថយន្ដដឹកអ្នកដំណើរកំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស។ លោក ថា ថ្មីៗនេះប្រទេសជប៉ុនបានផ្ដល់ជំនួយសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ១ ក្រោមជំនួយឥតសំណង និងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៥ តាមរយៈប្រាក់កម្ចីប្រាក់យ៉េនៗ។
នាឱកាសនោះ លោក រដ្ឋមន្រ្តីបានថ្លែងឱ្យដឹងទៀតថា ជប៉ុនកំពុងតែសិក្សាសាងសង់កំពុងផែនដែលមានជម្រៅ១៤.៥ម៉ែត្រ ទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីឱ្យនាវាធុនធំនៅក្នុងអាទ្វីអាស៊ីប៉ាស៊ីហ្វិកចូលចតបាននៅព្រះសីហនុ។ ជប៉ុនក៏បានជួយផ្តល់ជំនួយផ្នែកទិនន័យគ្រប់គ្រងកំពុងផែនផងដែរ។ ក្រៅពីនោះបានបញ្ជូនអ្នកបច្ចេកទេសមកជួយនៅក្រសួងដឹកជញ្ជូន និងកំពុងផែផងដែរ។ ផែនការមេឡូជីស្ទិកភស្តុងភារកម្ម និងដឹកជញ្ជូនក៏ជប៉ុនបានសហការជា មួយធានាគារពិភពលោក។
លោក បានឱ្យដឹងទៀតថា ផែនការមេនេះបានបង្ហាញថា យើងមានគម្រោងប្រមាណ ៣០០គម្រោង ដែលត្រូវតែអនុវត្តដើម្បីឱ្យផែនការភស្តុភាពកម្មនេះដំណើររលូន។
នៅក្នុងពិធីនោះដែរ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថ្លែងថា សង្ឃឹមជំនួយឥតសំណងជាគ្រឿងចក្រនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
លោក ថ្លែងបញ្ជាក់ថា គ្រឿងចក្រសាងសង់ដែលបានផ្ដល់ជូននាថ្ងៃនេះ នឹងអាចជួយកាត់បន្ថយរយៈពេលនៃ ការងារជួសជូល និងរក្សាអាយុកាលផ្លូវថ្នូល់ ដែលបានជួសជុលរួចឱ្យកាន់តែយូរអង្វែង ។ ទូតជប៉ុន សង្ឃឹមថា គ្រឿងចក្រសាងសង់ទាំងនេះ នឹងមានសារៈសំខាន់សម្រាប់ការរក្សាស្ថានភាពល្អរបស់ផ្លូវថ្នល់នៅកម្ពុជានាពេលអនាគតផងដែរ៕
ដោយ៖ Moeun Dyna