ភ្នំពេញ៖ ដំ់ណើរទស្សនកិច្ចរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រយៈពេល២ថ្ងៃ នៅកម្ពុជាចាប់ពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០២០ បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន២ និងការគម្រោងអភិវឌ្ឍន៍ចំនួន ២ នៅខេត្តព្រះសីហនុ។
រយៈពេល ២ថ្ងៃនៃការបំពេញទស្សនកិច្ច របស់ មន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង យី បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី, ជួបពិភាក្សាការងារជាមួយ លោក ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន។
នាឱកាសនោះ ក៏ជួបពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
ក្រោយពីជំនួបខាងលើរួចរាល់ លោក និង សម្ដេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤ គឺ៖ ទី១. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា។ ទី២. កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសសម្រាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ ៩៥០លានយ័ន។
ទី៣. លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ និងទី៤. លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ។
នៅក្នុងពិធីខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍សង្គមនិងសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។ លោក ថា សម្រាប់ជំហានបន្ទាប់ជឿជាក់យ៉ាងមុតមាំថាភាគីទាំងពីរនឹងអាចបំពេញនីតិវិធីផ្ទៃក្នុងទាំងអស់ដែលចាំបាច់ដើម្បីឱ្យប្រទេសទាំងពីរផ្លាស់ប្តូរការណែនាំសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ២០២១។
គួររម្លឹកឱ្យដឹងថា FTA រវាងកម្ពុជា-ចិន នឹងអនុញ្ញាតិឱ្យទំនិញជាង ៣០០មុខរបស់កម្ពុជាត្រូវនាំទៅចិន ភាគច្រើន ជាផលិផលកសិកម្ម និងផលិតផលសម្រេចចេញពីឧស្សាហកម្មកែច្នៃ។ ក្នុងចំណោមមុខទំនិញជាង ៣០០មុខ គឺផលិតផលកសិកម្ម ៩៥ភាគរយ ត្រូវបានរួចពន្ធសម្រាប់ការនាំចេញទៅចិនដូចជា ផ្លែឈើ ត្រីសាច់ ម្រេច ម្ទេសក្រៀម ជាដើម។
ប៉ុន្តែ ចំពោះមុខទំនិញមួយចំនួនទៀត ដែលរដ្ឋាភិបាលចិនគិតពន្ធពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ ព្រោះចិនគិតពន្ធលើមុខទំនិញទាំងនេះ ដោយសារមិនចង់ឱ្យការនាំចូលទីផ្សារ ធ្វើឱ្យប៉ះពាល់ផលិតផលក្នុងស្រុករបស់ខ្លួន៕
ដោយ៖ Moeun Dyna