ភ្នំពេញ៖ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រាជរដ្ឋាភិបាលមានគម្រោងសរុបចំនួន ៦២៩គម្រោង ក្នុងចំនួននេះ ២០៣គម្រោង កំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨ ៣៩៧លានដុល្លារ និងចំនួន ៤២៦គម្រោង សម្រាប់អនុវត្ត ផ.យ.អ.ជ ដែលត្រូវការទុនចំនួន ៤ ៣៩៩លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋាភិបាលបានបន្តថា ការវិភាជថវិកាសមា្រប់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដោយមានមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យគឺ ការវិភាជសរុបសម្រាប់វិស័យដល់គម្រោងកំពុងដំណើរការ និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ត្រូវមានសង្គតិភាពជាមួយការវិភាជតាមវិស័យដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ និងអាទិភាពទីមួយគឺការវិភាជថវិកា ដែលមានដល់បណ្ដាគម្រោងកំពុងដំណើរការដើម្បីបន្តការអនុវត្តនិងបញ្ចប់ការអនុវត្ត។
លោក បានបន្តទៀតថា ការវិភាជទុនដល់គម្រោងនានាររបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ រួមមាន៖
- ៨,៩ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច
- ៣៤,២ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច
- ៥០,១ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ
- ៦,៨ភាគរយ នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យ។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលមានតម្លៃសរុបប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។ ជាការបន្តទៀតរបស់ របស់អ្នកនាំពាក្យរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបន្ថែមថា វិធីសាស្ត្រកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលក្នុងនោះ គម្រោងកំពុងដំណើរការ គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាល។ លោក ថា ការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣ និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ.ឬគម្រោងថ្មី ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣។
ទម្រង់នៃខ្លឹមសាររបស់ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ឆ្នាំ២០២១-២០២៣ តាមរយៈការអនុវត្តជាក់ស្ដែងបានពិនិត្យឃើញថា ទិន្នន័យស្តីពីគម្រោងកំពុងដំណើរការដែលក្រសួង ស្ថាប័នផ្ញើមកក្រសួងផែនការគឺមានបញ្ចូលគម្រោងកំពុងដំណើរការមួយចំនួនដែលដៃគូអភិវឌ្ឍបានរាយការណ៍ជូនគណៈកម្មាធិការនីតិសម្បទាន និងអភិវឌ្ឍន៍កម្ពុជា។ ជាការបន្ថែទៀតរបស់ របស់អ្នកនាំពាក្យរដ្ឋាភិបាលដដែល។
នៅក្នុងសំណេរចុងក្រោយរបស់ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ និងការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ»។
លោក បញ្ជាក់បន្តថា «និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល»៕
ដោយ៖ Moeun Dyna