ភ្នំពេញ៖ នៅឆ្នាំ២០១៩ ផលិតកម្មសត្វផលិតបានចំនួន ៤៥,៨៥លានក្បាល គឺកើនលើសឆ្នាំមុនចំនួន ៣,៣ភាគរយដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុក បានប្រមាណ ២៣៩ពាន់តោន ឬស្មើនឹង៨២ភាគរយ នៃតម្រូវការសាច់សរុបប្រមាណ ២៩០ពាន់តោនក្នុងមួយឆ្នាំ។ បើតាមការថ្លែងឱ្យដឹងពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
ការថ្លែងខាងលើរបស់ លោក វេង សាខុន នៅកិច្ចប្រជុំតុមូលស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧ្សាហកម្ម បានបន្តថា ការចិញ្ចឹមសត្វលក្ខណៈពាណិជ្ជកម្មមានការកើនឡើង ៣៧ភាគរយ ធៀបនឹងឆ្នាំមុន គឺដោយសារអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់។
លោក បន្តទៀតថា ដោយឡែកផ្អែកតាមរបាយការណ៌អង្ការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបង្ហាញថា ការបរិភោគសាច់សត្វនៅកម្ពុជា សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ គិតជាមធ្យមប្រមាណ ១៧,៦០ គីឡូក្រាម។ រីឯការបរិភាគសាច់ត្រី គឺប្រមាណ ៥២,៤គីឡូក្រាម ក្នុង១ឆ្នាំ សម្រាប់មនុស្សម្នាក់។
លោក រដ្ឋមន្រ្តីបន្ថែមថា តាមការវាយតម្លៃអំពីតម្រូវការប្រើប្រាស់ ការផ្គត់ផ្គង់ និងការបំពេញបន្ថែមឆ្នាំ២០១៩ បានបង្ហាញថា តម្រូវការប្រើប្រាស់ប្រមាណជាង ២៩០ពាន់តោន ហើយលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកចំនួនជាង ២៣៩តោន កង្វះខាតចំនួន ៥១ពាន់តោន ដែលយើងត្រូវធ្វើការនាំចូលពីក្រៅប្រទេស ដើម្បីបំពេញបន្ថែម។
«ទោះយ៉ាងណា កម្ពុជា មានលទ្ធភាពធ្វើការនាំចេញ គោ ក្របី ជ្រូក មាន់ ស្វាក្តាម សាច់ ផលិតផលសត្វ ចំណីសត្វ និងទឹកដោះគោមួយចំនួនទៅក្រៅផងដែរ។ បច្ចុប្បន្ននេះ នៅកម្ពុជា មានក្រុមហ៊ុនផលិតចំណីសត្វសរុប ១៩ក្រុមហ៊ុន និងមានរោងចក្រផលិតចំណីសត្វ ២១ កន្លែង។ ក្នុងនោះរោងចក្រផលិតចំណីជ្រូក បក្សី គោ និងត្រីមានចំនួន ១៧ កន្លែង និងរោងចក្រផលិតចំណីឆ្កែចំនួន០៤ កន្លែង»។ តាមការបញ្ជាក់របស់ លោក វេង សាខុន។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនផលិតចំណីសត្វចំនួន ២១ ក្រុមហ៊ុនរោងចក្រ និងសិប្បកម្ម។
សូមរម្លឹកថា ក្នុងពិធីជួបសំណេះ សំណាលជាមួយកសិករ វារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៌ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៏ ខេត្តព្រៃវែង សម្ដេច ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន ២ ០០០លានរៀល ដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករដែលមានបំណងចិញ្ចឹមក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ សម្តេច បានសន្យាថានឹងបន្ថែមថវិកាជូនបន្ថែមទៀតប្រសិនបើមានតម្រូវការចាំបាច់៕
ដោយ៖ Moeun Dyna