ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំស្ដីពីផែនការមេអភិវឌ្ឍ តំបន់ឆ្នេរខ្សាច់ថ្មីស្ថិតនៅក្នុងឃុំបឹងទូកស្រុកទឹកឈូ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាយ.ជី.ប៊ី Cambodia Co.ltd វិនិយោគ ដោយបានជំរុញក្រុមហ៊ុន បង្កើនល្បឿនឱ្យបានលឿនបំផុត អនុវត្តទៅតាមគម្រោង និងផែនការមេដែលបានកំណត់ ដើម្បីបង្កើនសមត្ថភាពទទួលកំណើនទេសចរជាតិ-អន្តរជាតិ ដែលជាផែនការរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំខាងលើបានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ មានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកទឹកឈូ និងក្រុមហ៊ុន អាយ.ជី.ប៊ី Cambodia Co.ltd បានផ្ដោតសំខាន់លើកការពិភាក្សា និងមតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការគាំទ្រ ក្នុងកិច្ចដំណើរអភិវឌ្ឍលើគម្រោងផែនការរមណីយដ្ឋានឆ្នេរខ្សាច់ថ្មី ធានាបាននូវ និរន្តរភាព ចីរភាព និងសោភ័ណភាព បរិស្ថានបានល្អ។
ក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការ «បង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មី» នេះផងដែរ។ លោក ជាវ តាយ បានបញ្ជាក់ គម្រោងកិច្ចអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍឆ្នេរខ្សាច់ឱ្យបានឆាប់ដើម្បីបម្រើភ្ញៀវទេសចរ។
សូមរម្លឹកថា នៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តកំពត ជាមួយគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ បានថ្លែងឱ្យដឹងថា ខេត្តកំពត ជាគោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍ ១៧កន្លែង សហគមន៍ និងគោលដៅទាក់ទាញចំនួន ៨កន្លែង។
លោក បញ្ជាក់ «ក្រុមហ៊ុនវិនិយោគចំនួន៣៥ កំពង់វិនិយោគនៅខេត្តកំពត លើវិស័យសំខាន់ៗ ដែលបម្រើឱ្យការអភិវឌ្ឍក្នុងខេត្តរួមមាន វិស័យកសិឧស្សហកម្ម, កំពង់ផែខ្នាតតូច, ឧស្សហកម្ម, ទេសចរណ៍សណ្ឋាគារ, ភោជនីយដ្ឋាន, ថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ហើយនិងការផលិតកែច្នៃផលិតផលសមុទ្រជាដើម»។
អភិបាលខេត្តបានបន្តថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៧៦គីឡូម៉ែត្រ កន្លងមកពុំទាន់មានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរនៅឡើយ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ខេត្តកំពតនឹងមានឆ្នេរខ្សាច់សម្រាប់បម្រើបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្ត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន ខេត្តនេះមិនទាន់មានឆ្នេរដូចបណ្តាខេត្តនៅជាប់មាត់សមុទ្រ ដូចជា ខេត្តកែប ព្រះសីហនុ និងកោះកុងទេ។ លោក ថា ហើយទីតាំងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្តប៉ុន្មានទេ គឺនៅជិតរមណីយដ្ឋានភ្នំបូកគោ និងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូ ពោលឆ្នេរថ្មីនេះ គឺមានទីតាំងល្អសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត។
«នៅពេលភ្ញៀវទេសចរមកលេង នៅក្នុងតំបន់ឆ្នេរទាំងនេះកាន់តែច្រើន វានឹងផ្តល់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ នឹងផ្តល់ចំណូលដល់សេដ្ឋកិច្ចក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍ ដែលជាចលករយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ»៕
ដោយ៖ Moeun Dyna