ភ្នំពេញ៖ របាយការណ៍នៃការអនុវត្តការងារក្នុងខែកក្កដា ឆ្នាំ២០២០ ត្រួតពិនិត្យរថយន្ត សរុបចំនួន ១៥៧ ២៦៩គ្រឿង ក្នុងនោះ រថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២គ្រឿង ស្មើនឹង ២៩.៧២ភាគរយ ថវិកាពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០រៀល។ បើតាមទំព័រហ្វេប៊ុកក្រសួងដឹកជញ្ជូន។
ក្រសួងបានបន្តថា តាមរបាយការណ៍ដដែល រថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២គ្រឿង ដែលក្នុងនោះមានរថយន្ត រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយ ចំនួន ៤៦ ៤៣២គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥ភាគរយ-១០ភាគរយ ចំនួន ១៧គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ១០ភាគរយ-២០ភាគរយ ចំនួន ២១១គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ៩២គ្រឿង។
ក្នុងទិសដៅការងារបន្ទាប់ ដើម្បីទប់ស្កាត់រថយន្ត ដែលគេចវេសមិនចូលស្ថានីយ និងបើកបរតាមផ្លូវវាងផ្សេងៗដែលមិនមានស្ថានីយជញ្ជីង គ្រប់ស្ថានីយទាំងអស់អាចចាប់អូសរថយន្តណាដែលបើកគេចពីស្ថានីយក្នុងរង្វង់ចម្ងាយ ៣គីឡូម៉ែត្រ មកថ្លឹងក្នុងស្ថានីយបាន។ ជាការថ្លែងរបស់ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអនុញ្ញាត ឱ្យស្ថានីយជញ្ជីងទាំង២៨ ចាត់ការទៅតាមនិតិវិធី លោក បាន ជំរុញឱ្យក្រុមចល័តក្រសួងចេញប្រតិបត្តិការឱ្យបានឆាប់រហ័ស។
គួរបញ្ជាក់ថា ការថ្លែងខាងលើ របស់ លោក សេង ឈួន នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលមានការចូលរួមពី អនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨៕
ដោយ៖ Moeun Dyna