ភ្នំពេញ៖ ក្រុមការងារក្រសួងដឹកជញ្ជូន ដែលដឹកនាំដោយ លោក កឹម បូរី អនុរដ្ឋលេខាធិការ បានចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ ចំនួន ៣កន្លែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលអនុវត្តដោយក្រុមហ៊ុន BUCG សម្រេចបានប្រប្រមាណ ៣០ភាគរយហើយ។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។
ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុទាំង ៣ទីតាំង ចំណាយក្នុងគម្រោងទឹកប្រាក់ជាង១៤០លានដុល្លារ។ ជាការបញ្ជាក់ របស់ក្រសួងដឹកជញ្ជូន បន្តថា តាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩-២០២១, ដំណាក់កាលទី២ ពីឆ្នាំ២០២១-២០២៣ និងដំណាក់កាលទី៣ ពីឆ្នាំ២០២៣-២០៣០។ ប៉ុន្តែ សម្រាប់ទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី១ មានតម្លៃប្រមាណ ១៤៣លានដុល្លារ។
ក្រសួងដដែលបន្ថែមថា ក្រោយពីដឹកនាំចុះត្រួតពិនត្យរួចមក កឹម បូរី ក៏បានដឹកនាំអង្គប្រជុំដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានាទាក់ទងទៅនឹងការសាងសង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតបទៅនឹងស្តង់ដារ គំនូសប្លង់បច្ចេកទេស និងតារាងពេលវេលាគម្រោងដែលបានកំណត់។
បន្ទាប់ប្រជុំហើយ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យទីតាំងសំរាប់សាងសង់ទីលានចាក់សម្រាម (Landfills) ដែលកំពុងរៀបចំដំណើរការ ស្ថិតនៅក្នុងនៅក្រុងព្រះសីហនុនេះផងដែរ។ ជាការបន្ថែមទៀត របស់ក្រសួងដឹកជញ្ជូន៕
ដោយ៖ Moeun Dyna