Register Already an agent ? Login

ស្ពានចាស់ព្រែកកំពង់បាយ ខេត្តកំពតដែលចាស់ទ្រុឌទ្រោមនឹងសាងសង់ថ្មីបន្ទាប់ពីពិនិត្យសិក្សាវាយតម្លៃរួចរាល់

ភ្នំពេញ៖ ស្ពានចាស់ព្រែកកំពង់បាយ (ស្ពានឥន្ធនូរ)​ ស្ថិតនៅក្រុងកំពត​ ខេត្តកំពត ដែលចាស់ទ្រុឌទ្រោមនឹងសាងសង់ថ្មីជំនួស បន្ទាប់ពីនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ពិនិត្យសិក្សាវាយតម្លៃស្ថានភាពចប់សព្វគ្រប់ហើយនិងដាក់សំណើគោលការណ៍ទៅរាជរដ្ឋាភិបាល។ បើតាមរដ្ឋបាលខេត្តកំពត។

រដ្ឋបាលបានបន្តឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំខេត្តមន្ត្រីពាក់ព័ន្ធ និងប្រតិភូកងវិស្វកម្ម បានចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត​ ខេត្តកំពត(ស្ពានឥន្ធនូរ)​។

«គោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត និងកងវិស្វកម្មក្រសួងការពារជាតិ ចុះនាពេលនេះ គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឱ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ។ បច្ចុប្បន្ន ស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយ គឺឆ្លងកាត់បានតែម៉ូតូប៉ុណ្ណោះ​ និងការធ្វើដំណើរដោយថ្មើរជើង»។ ជាការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខេត្ត។

នាឱកាសចុះពិនិត្យស្ពាននោះដែរ លោក ជាវ តាយ បានស្នើសុំឱ្យ លោក​ គង់ អៀង ជំរុញពន្លឿនការសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះឱ្យបានឆាប់រហ័សចប់សព្វគ្រប់ នៅដើមឬចុងខែសីហា ឆ្នាំ២០២០នេះ។ តាមរដ្ឋបាលខេត្តដដែល បន្តទៀតថា បើតាមការបញ្ជាក់ឱ្យដឹង របស់ លោក អភិបាលខេត្តកំពត ស្ពានថ្មីនេះ ក្រោយពីបានគោលការណ៍សម្រេចពីប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឱ្យលើសពី រយៈពេល២ឆ្នាំឡើយ។

«ការសាងសង់ស្ពានថ្មី ក្នុងគោលបំណងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងការកើនឡើងចំនួនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ម្យ៉ាងទៀតដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដែលតែងកើតមានឡើងជាប្រចាំ»។ ជាការបញ្ជាក់បន្តរបស់ លោក អភិបាលខេត្តដដែល។

ជាការឆ្លើយតប នាឱកាសនោះដែរ លោក គង់ អៀង ក៏បានសំដែងការខិតខំយកចិត្តទុកដាក់នឹងសន្យាជំរុញចំពោះការឆ្លើយតបសំណើនិងសំណូមពររបស់ ​លោក ជាវ តាយអភិបាលខេត្ត ដោយបានបញ្ជាក់ថា «ធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឱ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស»៕

ដោយ៖ឌីណា