Register Already an agent ? Login

លោក គួច ចំរើន ស្នើរដ្ឋាភិបាលជប៉ុន ជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅក្នុងជំនួបកិច្ចពិភាក្សា ជាមួយលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា លោក គួច ចំរើន ស្នើរដ្ឋាភិបាលជប៉ុន ជួយគាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ។ លោក បន្ថែម ជាមួយគ្នា ជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង តាមរយៈកម្មវិធីជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនផងដែរ។ បើតាមរដ្ឋបាលខេត្តព្រះសហនុ។

ខេត្តព្រះសីហនុជា ខេត្តទេសចរណ៍ ហើយការអភិវឌ្ឍន៍រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលមានវិស័យសំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍។ ជាការលើកឡើងរបស់ លោក គួច ចំរើន បន្តថា ក្នុងនោះខេត្តក៏នៅមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក និងផ្លូវគោកជាដើម។

«ខេត្តព្រះសីហនុមានសក្តានុពលលើគ្រប់វិស័យ ក៏ប៉ុន្តែមិនទាន់ទំនើប ក្នុងនោះរាជរដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខផងដែរ»។ ជាការបញ្ជាក់របស់ អភិបាលខេត្តទេសចរណ៍ជាប់សមុទ្រដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅ បានបន្ថែមថា តាមលទ្ធភាពឆ្នាំនេះរដ្ឋបាលខេត្ត មានគម្រោងស្តារប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង ហើយយើងក៏មានបំណងចង់ ចាក់បេតុងជើងទេតាមអូរ ប្រឡាយ តែមិនទាន់មានថវិកាគ្រប់គ្រាន់។

នៅក្នុងជំនួននោះ លោក ទូត បានមានប្រសាសន៍រម្លឺកថា នេះជាលើកទីពីរហើយ ដែលមកទស្សនកិច្ចនៅខេត្តព្រះសីហនុ បន្ទាប់ពីបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។ លោក ថា កាលពីរឆ្នាំមុន ក៏បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។

លោក ទូត បញ្ជាក់ «និយាយរួមគឺខេត្តព្រះសីហនុ តែម្តងចាប់តាំងពី លោក គួច ចំរើន បានឡើងជាអភិបាលខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍យ៉ាងកំហុក ថ្វីត្បិតតែពិភពលោកកំពុងមាន ជំងឺកូវីដ-១៩ ឆ្លងរីករាលដាលយ៉ាងណាក៏ដោយក្ដី។

កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ មកដល់ពេលនេះ សម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ពិសេស ខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើនកន្លែងកំពុងមានការអភិវឌ្ឍន៍ខ្លាំងគួរឱ្យចាប់អារម្មណ៍ មានកំពង់ផែ ដែលមានសក្តានុពលអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាការបន្ថែមរបស់ លោក ទូត បន្ថែមថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ពិសេសជាមួយកម្ពុជា និងប្រជាជនជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។

នៅក្នុងជំនួនដដែល ដែលធ្វើឡើងនារសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវទឹក ប្រព័ន្ធលូ ទឹកស្អុយ ភ្លើងបំភ្លឺផ្លូវ និងមានគម្រោងអភិវឌ្ឍន៍ខេត្តបែបណា។ បើតាមរដ្ឋបាលខេត្តព្រះសីហុន បន្ថែមថា លោក ទូត ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កម្សាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។

ស្ថិតក្នុងបរិយាកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ៕

ដោយ៖ឌីណា