Register Already an agent ? Login

រោងចក្រអគ្គីសនីមានកម្លាំង ៤០០ម៉េហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនី ២៣០គីឡូវ៉ុល នៅស្រុកល្វាឯម នឹងដាក់ឱ្យដំណើរនៅខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ ៖ រោងចក្រអគ្គិសនីមានកម្លាំង ៤០០ម៉េហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្ម័ន និងអនុស្ថានីយអគ្គិសនី មួយកន្លែងទៀត មានកម្លាំង ២៣០គីឡូវ៉ុល ស្ថិតនៅ ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល មកទល់ពេលនេះ សម្រេចការសាងសង់ បានប្រមាណ ៩០ភាគរយ ដែលគ្រោងនឹងដាក់ឱ្យដំណើការនៅចុងខែសីហាឆ្នាំ២០២០នេះ។ បើតាមរដ្ឋបាលខេត្តកណ្ដាល។

រោងចក្រអគ្គិសនីខាងលើ ចំណាយថវិកា សាងសង់ប្រមាណ ៣៥០លានដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ជាទិញម៉ាស៊ីនភ្លើង កម្លាំង ២០០មេហ្គាវ៉ាត់ ពីហ្វាំងឡង់ ក្នុងទឹកប្រាក់រង្វង់ ១៧៧,៥លានដុល្លារ និងបញ្ជាទិញពីអាល្លឺម៉ង់ មានអនុភាព ២០០មេហ្គាវ៉ាត់ ក្នុងទឹកប្រាក់រង្វង់ ១៨០លានដុល្លារ ហើយម៉ាស៊ីនទាំង២នេះ សាងសង់លើផ្ទៃដីទំហំ ៤៣ហិកតា ចែកចេញជា២អគារដោយឡែកពីគ្នា ដែលសាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION។ បើតាមរដ្ឋាបាលខេត្តដដែល។

រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យដឹងថា «រោងចក្រនេះ ដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានកម្លាំងអនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺអាចផ្គត់ផ្គង់បំពេញបន្ថែមក្នុងការប្រើប្រាស់នៅទូទាំងប្រទេស និងមានអនុស្ថានីយ ១កន្លែង មានអនុភាព ២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល»។

គិតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ការសាងសង់បានប្រមាណ ៩០ភាគរយហើយ នឹងដាក់ឱ្យដំណើការនៅចុងខែសីហាខាងមុខនេះ។ ជាការបន្ថែមរបស់រដ្ឋបាលខេត្ត ថា ក្រោយពេលរោងចក្រអគ្គិសនីដ៏ធំ និងថ្មីសន្លាងនេះបានដំណើរការ យើងនឹងមានថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការផងដែរ។

រដ្ឋបាលដដែលបានបន្ថែមទៀតថា សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចជ្រើសរើសទឹកដីភូមិឃុំស្រុកខាងលើ ជាទីតាំងដ៏ល្អបំផុតសម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង ដែលបានចាប់ដំណើរការសាងសង់ តាំងពីដើមខែតុលា ឆ្នាំ២០១៩៕

ដោយ៖ឌីណា