Register Already an agent ? Login

ក្រសួងមុខងារសាធារណៈ ចុះ MoU ជាមួយ UNDP ស្ដីពីសហប្រតិបត្តិការលើវិស័យការងារសំខាន់ៗចំនួន៤ សំដៅនវានុវត្តន៍

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «សហប្រតិបត្តិការលើវិស័យការងារចំនួន ៤ ដែលសំដៅនវានុវត្តន៍»។ បើតាមគេហទំព័ររបស់ក្រសួងមុខងារសាធារណៈ។

ក្រសួងបានបន្តឱ្យដឹងថា MoU លើវិស័យសំខាន់ៗចំនួន៤ ដែលសំដៅនវានុវត្តន៍ មានដូចជា ទី១.ការបង្កើតនិងការអនុវត្តគម្រោងនវានុវត្តន៍ក្នុងវិស័យសាធារណៈ, ទី២.ការរៀបចំកម្មវិធីសិក្សាស្តីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល។

ទី៣.ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ននៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា និងទី៤.ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន។

ពិធីចុះអនុស្សារណៈនាថ្ងៃកាលពីថ្ងៃពី២១ ខេកក្កដា ឆ្នាំ២០២០ ដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ។ បើតាមការឱ្យដឹងបន្ថែមរបស់ ក្រសួងមុខងារសាធារណៈ បញ្ជាក់«ពិសេសសការជំរុញនវានុវត្តន៍ ការអភិវឌ្ឍសមត្ថភាពអ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈលើផ្នែកនវានុវត្តន៍ និងជំរុញទំនើបកម្មការផ្តល់សេវាសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ»។

ពិធីចុះ MoU ថ្ងៃខែឆ្នាំខាងលើ ក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក Nick Beresford តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័នទាំងពីរ សរុប ៣០រូប។

នៅក្នុងពិធីខាងលើ លោក ព្រុំ សុខា បានលើកឡើងអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការកសាងគ្រឹះនៃរដ្ឋបាលសាធារណៈបច្ចុប្បន្ន គោលដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងសារៈសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រគ្នាទៅវិញទៅមកឈានទៅសម្រេចគោលដៅរួម។ លោក ថា គឺការពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងកាលៈទេសៈ ដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុងរងការវាយប្រហារដោយជំងឺកូវីដ-១៩។

លោក ព្រុំ សុខា និង លោក Nick Beresford បានប្តេជ្ញាបន្តសហការ ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរបំពេញ ការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុង MoU ដែលត្រូវបានចុះ ហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាជូនប្រទេសជាតិ និងប្រជាជន។

សូមរម្លឹកថា UNDP ធ្លាប់បានផ្តើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០៕

ដោយ៖ឌីណា