ភ្នំពេញ៖ កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនប៉ុណ្ណោះទេ តែប្រទេសកម្ពុជាកំពុង និងបើកកិច្ចចរចារជាមួយប្រទេសទាំង៨ទៀត ដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ។ ជាការថ្លែងរបស់ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
លោក សុខ សុភ័ក្ត្រ បានបន្តថា ប្រទេសទាំង៨ រួមមាន ប្រទេសកូរ៉េខាងត្បូង, ជប៉ុន, ឥណ្ឌា, អូស្រ្តាលី, ញូវហ្សាលែន អាមេរិក, កាណាដា និងអង់គ្លេស។ លោក បញ្ជាក់ «ដោយឡែក ប្រទេសជប៉ុន អាមេរិក និងអង់គ្លេសគឺជាប្រទេសមានទីផ្សារនិងមានសក្តានុពលធំ ដែលកម្ពុជាសម្លឹងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ»។
កម្ពុជាកំពុងព្យាយាមបញ្ចប់ការចរចាជាមួយនឹងកូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌ បច្ចេកទេសនៅចុងឆ្នាំ២០២០នេះ ហើយគ្រោងនឹងឈានដល់ការចុះកិច្ចព្រមព្រៀងនៅដើមឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលនោះទេ។ ជាការបន្តទៀតរបស់ មន្រ្តីជាន់ខ្ពស់ក្រសួងដដែល បានបន្ថែមថា ការចរចាកិច្ចព្រៀមពាណិជ្ជកម្មសេរីនេះ ដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន យើងនាំទៅគេទទួលបានផលចំណេញ ហើយគេមកវិនិយោគ ឬការនាំចេញមកកាន់កម្ពុជាយើងវិញ ក៏មានផលចំណេញ ពោលគឺបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅក្នុងចំណុចខ្វះខាតណាមួយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្មសេវា ដោយសេរីមិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ ជាការបន្ថែមទៀតរបស់ លោក សុខ សុភ័ក្ត្រ ថាជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នានិងគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា។
លោក បានបញ្ជាក់ទៀត «ការចរចាបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមិនងាយស្រួលឡើយ ពីព្រោះត្រូវជជែកលើបញ្ហាជាច្រើន ហើយត្រូវបានប្រើប្រាស់ពេលវេលាយូរទៀត»។
សូមរម្លឹកថា កាលពីថ្មីៗរាជរដ្ឋាភិបាលកម្ពុជា-ចិនបានចុះព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសកម្ពុជា ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅកាន់ប្រទេស ចិន ដោយមិនប្រកាន់ម្ចាស់ផលិតផល តូចឬធំ ដែលមានដូចជាផលិតផលកសិកម្ម និងផលិតផលសម្រេចផ្សេងៗជាច្រើនមុខទៀតទៅទីផ្សារចិន។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០ភាគរយ ហើយកំណើនវិនិយោគពីបរទេសផ្សេងៗទៀតក៏នឹងកើនឡើងខ្លាំងផងដែរ៕
ប្រភព៖គេហទំព័រក្រសួងព័ត៌មាន
ដោយ៖ឌីណា