ភ្នំពេញ៖ នៅកិច្ចប្រជុំអន្តរក្រសួងរៀបចំការងារចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីធ្លី ក្នុងខេត្តមណ្ឌលគិរី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើសុំឱ្យមានចំណាត់ការចំនួន ៤ចំណុច ដើម្បីការពារទប់ស្កាត់ការរាលដាល ការទន្ទ្រានកាន់កាប់ដីព្រៃឈើនៅបន្តកើតមានក្រោមហេតុផលកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅដ្ឋានជាដើម។ល។
ការស្នើទាំង ៤ចំណុចរបស់ លោក វេង សាខុន នៅក្នុងកិច្ចប្រជុំខាងលើនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដូចខាងក្រោម៖
ទី១. បញ្ជីដីរដ្ឋទាំងអស់ជាមុនសិន មុនការពិនិត្យចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរាលដាលបន្ថែមទៀត។
ទី២.ផ្ទៃដីព្រៃឈើសម្រាប់ផ្ទេរដើម្បីគោលបំណងអភិវឌ្ឍន៍ ត្រូវមានការសម្រេចពីរាជរដ្ឋាភិបាល។ ក្នុងនោះក្រសួងកសិកម្ម «ស្នើសុំឱ្យមានការនិរាករណ៍ទៅលើលិខិតទិញ-លក់ និងប័ណ្ណ ប្លង់រឹងដែលចេញទៅលើផ្ទៃដីស្រល់ដែលមានស្នាមព្រះហស្ថដោយព្រះមហាក្សត្រផងដែរ»។
ទី៣.ចំពោះដីសម្បទានដីសេដ្ឋកិច្ច សហគមន៍ព្រៃឈើ ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ និងផ្ទៃដីចម្ការឈើដាំដែលច្រករបៀងអភិរក្សជីវៈចម្រុះបានត្រួតជាន់លើ ក្រសួងស្នើសុំចុះបញ្ជីដីទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
លោក រដ្ឋមន្រ្តីបញ្ជាក់ «ដោយឡែក
នៅខេត្តមណ្ឌលគិរី ក៏មានការឈូសឆាយ បោះបង្គោលហ៊ុមព័ទ្ធដីចម្ការស្រល់
ដើម្បីធ្វើជាកម្មសិទ្ធិដែលគ្រប់គ្រងដោយក្រុមហ៊ុនមួយចំនួន
ហើយក្រសួងក៏បានសម្រេចឱ្យក្រុមហ៊ុនពាក់ព័ន្ធទាំងនោះផ្អាកជាបណ្តោះអាសន្នការធ្វើអាជីវកម្មស្រល់
ដើម្បីរក្សាទុកអត្តសញ្ញាណបញ្ជាក់ជាដីរបស់រដ្ឋ
និងចូលរួមពេញលេញក្នុងដំណើរការចុះបញ្ជីដីរដ្ឋ។
និងទី៤. លោក បានសង្កត់ធ្ងន់ដូច្នេះថា ចាត់វិធានការទប់ស្កាត់
និងបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីព្រៃ ឈើព្រៃលិចទឹកតាមគ្រប់រូបភាព
ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត
ស្របតាមស្មារតីអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤
និងសារាចរ ណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦
របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះដែរ លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងឱ្យដឹងថា តាមការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់របស់រដ្ឋបាលព្រៃឈើបានបង្ហាញឱ្យឃើញថាការទន្ទ្រានកាន់កាប់ដីព្រៃឈើនៅបន្តកើតមានក្រោមហេតុផលកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅដ្ឋានជាដើម។ល។
លោក បញ្ជាក់ថា «កត្តាទាំងខាងលើបានជះឥទ្ធិពលដល់ដីព្រៃឈើរបស់រដ្ឋ ហើយចលនានៃការរំលោភដីព្រៃឈើរួមមាន៖ កខ្វះខាត ដីពិតប្រាកដបានកាប់រានដីព្រៃឈើ, អ្នកកាប់រានដីព្រៃឈើហើយលក់រួចកាប់រានបន្តទៀត, ការបញ្ជាក់លើលិខិតទិញលក់ដីព្រៃឈើ និងការឃុបឃិតគ្នាកាប់រាន និងហ៊ុំព័ទ្ធដីព្រៃឈើ»។
មន្ត្រីក៏បានសំណូមពរទៅដល់អាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បន្តចាត់វិធានការផ្លូវ ច្បាប់ឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់ ដោយមិនគួរអនុញ្ញាតឱ្យការស្នាក់នៅ ឬអាស្រ័យផលទៅលើដីរដ្ឋដោយខុសច្បាប់នោះឡើយ។ លោក ថា ក្នុងករណីចាំបាច់ ត្រូវស្នើសុំយោបល់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងស្នើសុំការសម្រេចពីរដ្ឋាភិបាល។
លោក ក៏បានស្នើសុំទៅក្រសួងរៀបចំដែនដី ចូលរួមទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ ដែលមិនបានសួរនាំពីក្រសួងទទួលបន្ទុកលើការគ្រប់គ្រងដីធ្លី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសពីហានិភ័យនៃការគ្រប់គ្រងដីព្រៃឈើរបស់រដ្ឋ។
គួសរម្លឹកថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានបញ្ជាទៅក្រសួង ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ៕
ដោយ៖ឌីណា