Register Already an agent ? Login

៦ខែនេះ អាជ្ញាធរបង្រ្កាបគ្រឿងញៀនជាង ៥ពាន់ករណី ឃាត់ខ្លួនជាង ១ម៉ឺននាក់ ជាមួយនឹងគ្រៀងញៀន ២៦១គីឡូក្រាម

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៥.៤៦៣ករណី ​ឃាត់ខ្លួនមនុស្សចំនួន ១០.៨៧៧នាក់ ចាប់យកគ្រឿងញៀនបានមានចំនួនសរុប ២៦១គីឡូក្រាម (៩៧៧,៧២ក្រាម) បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប ៣៤១គីឡូក្រាម (៩៧៤,៤៧ក្រាម) ថយចុះ ៨០គីឡូក្រាម (០៩៦,៧៥ក្រាម) ស្មើនឹង២៣,៤៣ភាគរយ។ បើតាមរបាយការណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ «ពិសេសមធ្យោបាយ សម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ»។

របាយការណ៍បានបន្តឱ្យដឹងថា កាបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៥ពាន់ករណី ធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៤.១៧៥ករណី កើនលើស ១.២៨៨ករណី ស្មើនឹង៣០.៨៥ភាគរយ។ ឃាត់ខ្លួនមនុស្ស ចំនួនជាង១ម៉ឺននាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៨.៩១១នាក់ កើនលើសចំនួន ១.៩៦៦នាក់ ស្មើនឹង ២២.០៦ភាគរយ ក្នុងនោះមាន ជនជាតិខ្មែរ ១០.៧០០នាក់ និងជនបរទេស ១៧៧នាក់ ស្មើនឹង ១៥ជនជាតិ។

នៅក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក កែ គឹមយ៉ាន បានថ្លែងថា នៅឆមាសទី១ នៃឆ្នាំនេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើង ប៉ុន្តែការបង្រ្កាបបានមានការថយចុះ បើធៀបនឹងឆ្នាំ២០១៩។

លោក បានបន្តថា រឿងពិនិត្យទឹកនោមអ្នកបើកបរ ដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនអាចធ្វើម្នាក់ឯកបានឡើយ ត្រូវមានការចូលរួមពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់និងអប់រំអំពីហានិភ័យ ផងប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងមានវិធានការចំពោះក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ប្រសិនជាមាន អ្នកបើកបរពាក់ព័ន្ធទៅ នឹងបញ្ហាគ្រឿងញៀន»។ ជាការបញ្ជាក់របស់ កែ គឹម យ៉ាន។

នាឱកាសនោះដែរ លោក កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដាន ទូន្មានណែនាំកូនចៅរបស់ខ្លួនអំពីបញ្ហាគ្រឿងញៀន ដោយឡែកក្នុងករណីបើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀន ត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និងមានវិធានបន្ដទៀត៕

ដោយ៖ឌីណា