Register Already an agent ? Login

បណ្ដុំអាជីវកម្មដំណាំបន្លែ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរកចំណូលបានពី ២ពាន់ទៅ ៥ពាន់ដុល្លារក្នុង១ឆ្នាំ ពីការដាំខ្ទឹមស្លឹក

ភ្នំពេញ៖ ការរីកចម្រើនធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ របស់បណ្ដុំអាជីវកម្មដំណាំបន្លែនៅភូមិត្រពាំងក្រពើ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាន់តែមានជីវភាពប្រសើរឡើងជាលំដាប់ ចំណូលប្រចាំឆ្នាំរបស់សមាជិកបណ្តុំកសិករនៅទីនោះ អាចទទួលបានពី ២០០០ទៅ ៥០០០ដុល្លារ ក្នុងមួយឆ្នាំ ពីការដាំខ្ទឹមស្លឹកអាស្រ័យទៅលើទំហំដីរបស់សមាជិករបណ្តុំកសិករ នៃគ្រួសារនីមួយៗ។ បើតាមការឱ្យដឹងពីគណីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

រដ្ឋមន្រ្តីក្រសួងកសិកម្មបន្តឱ្យដឹងថា បណ្ដុំអាជីវកម្មដំណាំបន្លែនៅភូមិត្រពាំងក្រពើ ទទួលបានការបំពាក់បំប៉ន និងជួយគាំទ្របច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងធនធានថវិកាមួយចំនួន របស់គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់និងការបម្រួលអាកាសធាតុ ដែលហៅកាត់ថា ASPIRE។

លោក បានបន្ថែមទៀតថា ជាលទ្ធផលដែលទទួលបាន គឺក្រោយពីបានចាប់ផ្តើមចងក្រងជាសមាជិកបណ្ដុំគ្រួសារកសិករពីដំបូងមានចំនួន ៣៩គ្រួសារ ហើយមកដល់បច្ចុប្បន្ន មានសមាជិកបានកើនឡើងរហូតដល់ចំនួន ៥៤គ្រួសារមានផ្ទៃដីសរុប ១៦ហិកតា បាននិងកំពុងរៀបចំផែនការដាំខ្ទឹមស្លឹកជាបន្តបន្ទាប់ ហើយកសិករខ្លះបានប្រមូលផលលក់ទៅទីផ្សារក្នុងតម្លៃ ៥០០០រៀល ក្នុងមួយគីឡូក្រាម។

លោក វេង សាខុន បញ្ជាក់ «រីឯប្រាក់ចំណូលប្រចាំឆ្នាំរបស់សមាជិកបណ្តុំកសិករនៅទីនោះ អាចទទួលបានពី ២ ០០០ ទៅ ៥០០០ ដុល្លារក្នុងមួយឆ្នាំ»។ លោក បន្ថែមទៀតថា មកដល់ឆ្នាំ២០២០ គម្រោងកម្មវិធីបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការបម្រួលអាកាសធាតុ បានពង្រីកសកម្មភាពរបស់ខ្លួនរហូតដល់ ២៤ខេត្ត ទទួលហិរញ្ញប្បទានសម្បទាន និងឥតសំណង ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD៕

ដោយ៖ឌីណា