Register Already an agent ? Login

រយៈពេល ៤ឆ្នាំ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកាចំនួន ១១,៦លានដុល្លារ

ភ្នំពេញ៖តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦លានដុល្លារ។ បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន បន្តថា កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាននៅសេសបរិមាណច្រើន។

ក្រសួងបានបន្តទៀតថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។

«ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។ ជាការបញ្ជាក់របស់ក្រសួងបរិស្ថាន បានបន្ថែមថា ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងជាទី ដែលបានការពារព្រៃឈើបានយ៉ាងល្អនិងបានលក់ឥណទានកាបូន។

ថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។ ជាការបន្ថែមទៀតរបស់ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។

ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បច្ចុប្បន្ន រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩កន្លែង។

មន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានាបាននិងកំពុងឈរជើងការពារ។ ជាមួយគ្នានេះ តំបន់ការពារធម្មជាតិមួយចំនួនកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញអារម្មណ៍ដូចជាខ្នងផ្សារ វាលធំជាដើម៕

ដោយ៖ឌីណា