Register Already an agent ? Login

របាយការណ៍៖ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋចំនួនជាង ២ពាន់បណ្ណ ស្មើនឹង ៨៧ម៉ឺនហិកតា

ភ្នំពេញ៖  ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋចំនួន ២១១៨បណ្ណស្មើនឹង ៨៧ម៉ឺនហិកតា ក្នុងនោះដីសម្បទានសេដ្ឋកិច្ចមានចំនួន ២០១១បណ្ណស្មើនឹង ៧៤ម៉ឺនហិកតា និងដីរដ្ឋផ្សេងៗទៀតចំនួន១០៧បណ្ណ ស្មើនឹង ១៣ម៉ឺនហិកតា​។ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី។

របាយការណ៍របស់ក្រសួងបានឱ្យដឹងបន្តថា ចំពោះខេត្តមណ្ឌលគិរី ក្រសួងបានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋចំនួន ១៦៧បណ្ណ ទំហំប្រមាណ ១៥ម៉ឺនហិកតា។

ក្រសួងបានបញ្ជាក់ថា «គិតត្រឹមខែកក្កដាឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្តនេះទទួលបានលទ្ធផលដូចជា ៤៦ភូមិត្រូវបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធរួចរាល់លើផ្ទៃដីទំហំ ១,៩១០,០១៨ហិកតា ស្មើនឹង ២៤២១៨បណ្ណ ក្នុងនោះការចុះបញ្ជីដីជូនប្រជាពលរដ្ឋ លើផ្ទៃដីទំហំប្រមាណ ៣៩,២២៦ហិកតា ស្មើនឹង ២៣,៧៥៥បណ្ណ ចុះបញ្ជីដីរដ្ឋទំហំប្រមាណ ១៤៥៦៣៣ហិកតា ស្មើនឹង១៦៧បណ្ណ»។

នៅក្នុងរបាយការណ៍បានបន្តទៀតថា ដីសហគមន៍ជនជាតិដើមភាគតិច ចុះបញ្ជីបាន ៧សហគមន៍ លើផ្ទៃដីទំហំ៦១៥៦ហិកតា ស្មើនឹង ២៧៨បណ្ណ និងមាន ១០ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លី មានលក្ខណះជាប្រព័ន្ធ ចំណែកដីសហគមន៍ជនជាតិដើមភាគតិចចំនួន ៦សហគមន៍ ដែលកំពុងដំណើរការនិងបានបញ្ចប់ការបិទផ្សាយជាសាធារណះរួចរាល់។

ក្រសួងរៀបចំដែន បានបង្កើតគណៈកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។ បើតាមរបាយការណ៍ដដែល បន្ថែមថា គណៈកម្មការនេះ នឹងចុះបំពេញការងារនៅចុងខែកក្កដានេះ ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីខាងលើ និងដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌ​លគិរី នៅសេសសល់ក្នុងភូមិទាំង ៤៦ ដែលបានចុះបញ្ជីរួច ហើយភូមិចំនួន១០ កំពុងដំណើរការចុះបញ្ជី និងដំណើរការចុះបញ្ជីក្នុងភូមិចំនួន ៣៦ផ្សេងទៀត៕

ដោយ៖ឌីណា