Register Already an agent ? Login

រយៈពេល ២៦ឆ្នាំ រដ្ឋាភិបាលអាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទាន ដល់កម្ពុជា ក្នុងទឹកប្រាក់ ៦៧០លានដុល្លារ

ភ្នំពេញ៖ រយៈពេល ២៦ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤-២០២០ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុចំនួន ៦៧០លានដុល្លារ ដល់កម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២២ ខែកក្កដា នេះ។

នៅក្នុងសេចក្ដីប្រកាសរបស់ CDC បានបន្តថា ការផ្ដល់ការគាំទ្រទាំងពីរផ្នែកខាងលើ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពី «កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២០ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាល្លឺម៉ង់»។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ តណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាអ្នកដឹកនាំកិច្ចប្រជុំខាងលើ និងមានការចូលរួមពីតំណាងជាន់ខ្ពស់ និងមន្ត្រីជំនាញ ៥០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន១២ ដែល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងឯកភាពទម្រង់ដំណើរការ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ និងត្រៀមលើកសំណើគម្រោងសុំអនុវត្តបន្តនិង/ឬ សំណើគម្រោងថ្មីទៅកាន់ភាគីមិត្ត ដែលជាគោលដៅចម្បង។ តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។

CDC បានបន្ថែមថា ក្នុងគោលដៅអនុវត្តវិធានការប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីង-១៩ ភាគីកម្ពុជា និងអាល្លឺម៉ង់បានឯកភាពរៀបចំទម្រង់ថ្មី និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោ​បល់ឆ្នាំ២០២០ ដោយបែងចែកជា ២កម្រិតដូចខាងក្រោម៖

 ១.ការពិភាក្សាតាមវិស័យ គឺជាកិច្ចប្រជុំទល់មុខ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ក៏ដូចជាលទ្ធផលនៃការសុខាភិបាល អនុវត្តគម្រោងកន្លងមក និងការលើកសំណើគម្រោងថ្មី សម្រាប់វិស័យចំនួន៥ (គាំពារសង្គម  ការអភិវឌ្ឍជនបទ, បរិស្ថាន និងអភិបាលកិច្ច ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

និងទី២.ការពិភាក្សាកម្រិតនយោបាយ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើទិដ្ឋាភាពនានាដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ផ្តោតចម្បងលើវិស័យអាទិភាពចំនួន ៣គឺ ១.វិស័យសុខាភិបាល និងគាពារសង្កម, ២.វិស័យអភិវឌ្ឍន៍ជនបទ និងទី៣.អន្តរវិស័យ (ការកែទម្រង់រដ្ឋបាលសាធារណៈ, ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, សមភាពយេនឌ័រ និងបរិស្ថាន) ដែលឆ្លើយតបទៅនឹង អាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ជាតិឆ្នាំ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ៕

ដោយ៖ឌីណា