Register Already an agent ? Login

ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រដុតសំរាមនៅខេត្តសៀមរាបជាង ២១ម៉ឺនតោន ក្នុង១ឆ្នាំ ដោយកែច្នៃជាអគ្គិសនី ៧៥ម៉ឺនគីឡូវ៉ាត់

ភ្នំពេញ៖ ក្រុមហ៊ុន MIZUDA ក្រោយពីបានសិក្សាស្ថានភាពនិងភូមិសាស្រ្តខេត្តសៀមរាប រយៈពេលជាងកន្លះឆ្នាំ និងបានបញ្ចប់កាលពីមុនខែធ្នូឆ្នាំ២០១៩កន្លងទៅ គ្រោងបង្កើតរោងចក្រដុតសំរាមប្រមាណ ២១ម៉ឺនតោន ក្នុង១ឆ្នាំ ដែលអាចផលិតជាថាមពលអគ្គីសនីផ្គត់ផ្គង់បានជាង ៧៥ម៉ឺនគីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន។ បើតាមរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២២ ខែកក្កដា នេះ។

រដ្ឋបាលខេត្តបានបន្តថា សំរាមនៅក្នុងក្រុងសៀមរាបដែលមានជាប្រចាំថ្ងៃជាង ៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់ ៦០០តោន ក្នុង១ថ្ងៃ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុងសៀមរាប អាចមានដល់ជាង ១០០០តោន។

រោងចក្រដុតសំរាម ផលិតថាមពលអគ្គីសនី ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនចិន MIZUDA នឹងបានក្លាយជាឧបករណ៍រក្សាការពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតអរីយធម៌ទីក្រុងអនាម័យ (សៀមរាប-អង្គរ) នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបានសិក្សាប្រកបដោយជោគជ័យ។ បើតាមរដ្ឋបាលខេត្តដដែល។

នៅក្នុងកិច្ចប្រជុំ អំពីការបង្ហាញរបស់ក្រុមហ៊ុន ការបង្កើតរោងចក្រដុតសំរាម កែច្នៃជាអគ្កិសនី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក អភិបាលខេត្តសៀមរាប ទៀ សីហា បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ ១០ភាគរយ នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។

លោក បន្តថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសំរាម ការកំណត់តម្លៃលក់ថាមពល និងការកំណត់ទីតាំងសាងសង់រោងចក្រនឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន។

រដ្ឋបាលខេត្តបានបន្ថែមថា កិច្ចប្រជុំនេះ បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍នៃប្រតិបត្តិការរបស់រោងចក្រដុតសំរាមមួយនេះ ដែលវាមានគុណភាពមិនបន្សល់នូវផលប៉ះពាល់បរិស្ថានក្រោយការផលិតថាមពលអគ្គីសនីនោះ៕

ដោយ៖ឌីណា