ភ្នំពេញ៖ អនុស្សរណៈយោគយល់ នឹងបង្កលក្ខណៈងាយស្រួលដល់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា អាចប្រើប្រាស់ទិន្នន័យដើម្បីកំណត់អត្តសញ្ញាណយានយន្ត ឬនាវា របស់បុគ្គលសង្ស័យ ដែលពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ជាថ្លែងរបស់ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន។
នៅក្នុងពិធីចុះហត្ថលេខាលើ MoU កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុយ សាន បានបន្តថា ការចុះហត្ថលេខានេះគឺជាឱកាសដ៏ប្រពៃបំផុតក្នុងការឆ្លើយតបបានទាន់ពេលវេលា និងស្របទៅតាមតម្រូវការនិងសំណូមពរចាំបាច់និងជាបន្ទាន់របស់បងប្អូនប្រជាពលរដ្ឋក៏ដូចជារាជរដ្ឋាភិបាល។
លោក រដ្ឋលេខាធិការបានបញ្ជាក់ «MoU នេះ អនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចបំពេញការងារ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិនានាសំដៅរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម កសាងសង្គមមួយប្រកបដោយសន្តិសុខ សន្តិភាព សុវត្ថិភាព និងស្ថិរភាព។ ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត»។
លោក បញ្ជាក់ទៀតថា «ការចុះ MoU នេះ ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ តាមរយៈការពង្រឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។ ជាការបន្ថែមទៀតរបស់ លោក ស៊ុយ សាន។
គូសបញ្ជាក់ថា លោក ស៊ុយ សាន តំណាង លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានអញ្ជើញជាសហអធិបតីជាមួយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងពិធីចុះហត្ថលេខារវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គនាយដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា លើMoU ខាងលើ។
សូមរម្លឹកថា កាលពីថ្ងៃពី២៧ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះព្រះករុណាព្រះបាទ សម្ដេចនរោត្ដម សីហមុនី ទ្រង់បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មគ្រប់រូបភាព ក្នុងគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា»។
ដោយ៖ឌីណា