Register Already an agent ? Login

ក្រសួងដឹកជញ្ជូនគ្រោងបង្កើតទីលានចាក់សំរាមថ្មីនៅខេត្តព្រះសីហនុលើផ្ទៃដី ៥១ហិកតា និងគ្រោងចំណាយទឹកប្រាក់ជាង ៥លានដុល្លារ

ព្រះសីហនុ៖  ក្រសួងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុលើផ្ទៃដី ៥១ហិកតា គ្រោងចំណាយទឹកប្រាក់ចំនួន ៥.៣១៣.៤៦៣ដុល្លារ ក្នុងក្របខណ្ឌថវិកាជាតិ។ តាមការថ្លែងឱ្យដឹងរបស់ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្ត ព្រះសីហនុដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ក្នុងទំហំទឹកប្រាក់ចំនួនជាង ៥លានដុល្លារ ជាថវិកាជាតិសម្រាប់ឆ្នាំ២០២០ មានរយៈពេលសាងសង់ ១៧ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ លើផ្ទៃដី១៧,៣៣ហិកតា លើផ្ទៃដីសរុប ៥១ហិកតា។ ជាការថ្លែងបន្តរបស់ លោក កឹម បូរី ដែលបានដឹកនាំកិច្ចខាងលើ កាលពីថ្ងៃទី២១ ខែកក្កដានេះ បានបន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុផ្តល់ជូន ស្ថិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤។

លោក បានថ្លែងបញ្ជាក់ឱ្យដឹងថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល ៥ឆ្នាំដំបូង ដែលមានសមត្ថភាពអាចផ្ទុកសំរាមបានចំនួន ៨៨៤.០៨៨ម៉ែត្រគីប មានរណ្ដៅចំនួន៤ រណ្ដៅនីមួយៗមាន ទទឹងគិតជាមធ្យម ១៣០ ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រ ជម្រៅចាប់ពី ២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋលេខាធិការរូបនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ តាមដាននិងវាយតម្លៃផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចគោលដៅតាមការគ្រោងទុក និងបានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រងការងារអនុគម្រោងសាងសង់ទីលានចាក់សំរាម បង្កើនកិច្ចសហការឱ្យបានជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធានាឱ្យគម្រោងដំណើរការទៅប្រកបដោយភាពរលូន។

អនុរដ្ឋលេខាធិការដដែលនេះ បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាព សាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ»។

គូសបញ្ជាក់ថា របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្នសំរាមនៅក្នុងខេត្តនេះមានប្រមាណ ៦០០ ទៅ ៧០០តោន ក្នុងមួយថ្ងៃ ដោយមិនគិតរួមទាំងសំរាមពីការដ្ឋានសំណង់៕

ដោយ៖ឌីណា