Register Already an agent ? Login

អនុក្រឹត្យចំនួន៣ លើវិស័យសំណង់ ដែលកំណត់តួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិនឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ អនុក្រឹត្យចំនួន៣ លើវិស័យសំណង់ ដែលកំណត់តួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិនឹងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ នៅពេលក្រុមបច្ចេកទេសពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព រួចរាល់។

កិច្ចប្រជុំបច្ចេកទេសពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នៅក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ គឺដើម្បីពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង៣។ តាមការលើកឡើងរបស់ លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោក បានបន្តថា កិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ រួមមាន៖

១-អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ មាន១២ជំពូក និង៥៧មាត្រា អនុក្រឹត្យនេះ បានកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ សម្រាប់អនុក្រឹត្យនេះ មានវិសាលាភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានសំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី២-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ មាន១៣ជំពូក និង៥៥មាត្រា អនុក្រឹត្យនេះ បានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ និងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ក្នុងគោលបំណងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ចំពោះអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី៣-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ មាន១២ជំពូក និង៥៩មាត្រា អនុក្រឹត្យនេះ កំណត់អំពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង លក្ខខណ្ឌ និងនិតីវិធីនៃការផ្ដល់ ការបញ្ចប់សុពលភាព ការបន្ដសុពលភាព ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

លោក លេង វី បានបញ្ជាក់ «សេចក្ដីព្រាងអនុក្រឹត្យនេះដែរ គឺបានកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យ នៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រូបនេះ ក៏បានកោតសសើរចំពោះក្រុមការងារក្រសួងរៀបចំដែនដី ដែលបានរៀបចំ នៅសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ សម្រាប់ដាក់ចេញអនុវត្តក្នុងគោលដៅនៃការគ្រប់គ្រងសំណង់នៅកម្ពុជាផងដែរ។ លោក រម្លឹកថា សេចក្ដីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ប្រជុំពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដែរ។

ដូចគ្នានេះដែរ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងការកោតសសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកន្លងមកបានសហការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជា កំណែទម្រង់ស្នូលនៅកម្ពុជា៕

ដោយ៖ឌីណា