ភ្នំពេញ៖ នៅក្នុងជំនួនកិច្ចពិភាក្សារវាង អភិបាលខេត្តសៀមរាប និង លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋ ទូតទីម័រខាងកើតប្រចាំកម្ពុជា សុំរៀនសូត្រពីខេត្តសៀមរាប ដែលមានភាពរីកចម្រើនលើវិស័យទេសចរណ៍ និងកសិកម្ម។
នៅក្នុងជំនួបខាងលើធ្វើឡើងកាលនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តសៀមរាប លោក ទូតបានបញ្ជាក់ថា «គោលបំណងក្នុងការបំពេញបេសកកម្មមក កាន់ខេត្តសៀមរាប ដើមី្បធ្វើការសិក្សាស្វែងយល់ និងទទួលបាននូវបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និងកសិកម្ម នៃខេត្តសៀមរាប សំដៅយកទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត»។
លោក Ermenegildo Kupa Lopes បានបន្តទៀតថា ម៉្យាងទៀតប្រទេសទីម័រ និងកម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម។ ក្នុងនាមរដ្ឋាភិបាលរបស់លោក សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន។
លោក ទូត ក៏បានអញ្ជើញដល់ប្រតិភូខេត្តសៀមរាប ទៅធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក។ លោក បញ្ជាក់ទៀត «សំខាន់គឺសុំឱ្យមន្ត្រីជំនាញរបស់ខេត្ត បង្រៀនដល់ប្រជាពលរដ្ឋទីម័រ ពីវិស័យទេសចរណ៍ និងកសិកម្ម»។
នៅក្នុងជំនួនខាងលើ អភិបាលខេត្តបានថ្លែងប្រាប់លោកទូតឱ្យដឹងថា ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យកសិម្ម និ ទេសចរណ៍ ដោយមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយ ជាប្រជាកសិករ។ ចំពោះវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រមួយនេះសម្បូរទៅដោយប្រាង្គប្រាសាទល្បាញល្បី និងរមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង បឹងទន្លេសាប ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត។
ឆ្លើយតបទៅលោកទូត លោក ទៀ សីហា ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្ត នឹងជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និងរៀបចំគណៈប្រតិភូធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និងទីម័រខាងកើត។
នៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជំងឺកូវិដ-១៩ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅខេត្តសៀមរាបបណ្តាលឱ្យមានការធ្លាក់ចុះផងដែរ។ ជាការលើកឡើងរបស់ លោក អភិបាលខេត្តសៀបរាប បានបញ្ជាក់ទៀតថា «អាជ្ញាធរខេត្ត និងស្តារឡើងវិញនូវក្នុងវិស័យទេសចរណ៍នេះ ដោយមានការចូលរួមពីបណ្តាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន រួមទាំងសេវាកម្មទេសចរណ៍ក្នុងខេត្តថែទៀតផង»៕
ដោយ៖ឌីណា