ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៣ វិនិយោគនៅកម្ពុជា រោងចក្រផលិតកេសកាតុង, កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទឹកប្រាក់សរុបចំនួន ៣៦,៥លានដុល្លារ ហើយអាចផ្ដល់ការងារ ៦១៥កន្លែង។ បើតាមតំព័រហ្វេសប៊ុក CDC។
CDC បានបន្តថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១-ក្រុមហ៊ុន HE CHENG XING PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
ទី២-ក្រុមហ៊ុន KANG HWA E & C (CAMBODIA) CO., LT គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ និងបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៤,៥មេហ្គាវ៉ាត់ (សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣១,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
និងទី៣-ក្រុមហ៊ុន CORIUM LEATHER (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង៕
ដោយ៖ឌីណា