Register Already an agent ? Login

រដ្ឋមន្ត្រី ក្រសួងទេសចរណ៍៖ ២សប្តាហ៍ ដើមខែកក្កដា មានភ្ញៀវទេសចរដើរទស្សនាជាង ៣១ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ៣១៣,៣០០នាក់ កើនឡើង ១.៦៧ភាគរយ បើធៀបនឹងរយៈពេល ២សប្តាហ៍ចុងខែមិថុនា ក្នុងនោះភ្ញៀវជាតិមានចំនួន ៣០៧,៨០៩នាក់ កើនឡើង ២.៥៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩ភាគរយ។ នេះបើតាមការឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ សង្កេតឃើញថាចំនួនភ្ញៀវទេសចរផ្ទៃក្នុងហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០ភាគរយ បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ១៩។ ជាការបន្តរបស់ លោក ថោង ខុន ថា ស្ថិរភាពនៃចំនួនខាងលើ អាចបណ្តាលមកពីរដូវនេះជារដូវវស្សា។
លោក រដ្ឋមន្រ្តីបានបន្តទៀតថា ចំណែកនៅខេត្តសៀមរាប ដែលធ្លាប់តែជាគោលដៅទេសចរណ៍សំខាន់ នៅមិនទាន់អាចទាក់ទាញភ្ញៀវទេសចរដូចមុនកូវីដ-១៩ បាននៅឡើយទេ ពីព្រោះរដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឱ្យមានការៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ដើម្បីជួយទាក់ទាញភ្ញៀវ ក្រៅពីទស្សនាប្រាសាទ ហើយសេវាកម្សាន្តមួយចំនួន ពិសេសនៅ Pub Street មិនទាន់មានការអនុញ្ញាតឱ្យមានដំណើរការឡើងវិញ ខណៈគោលដៅខេត្តសៀមរាបជាគោលដៅដែលភ្ញៀវត្រូវតែសម្រាកមួយយប់យ៉ាងតិច ខុសពីខេត្តគោលដៅមួយចំនួនទៀត ដែលភ្ញៀវអាចទៅមកវិលល្ងាចបាន។

លោក មានសុទិដ្ឋនិយមថា កម្ពុជាសង្ឃឹម ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសារ រដ្ឋាភិបាលសម្រេចឱ្យមានថ្ងៃឈប់សម្រាករយៈពេលយូរ និងនៅខែកញ្ញា ក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ-១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ៕

ដោយ៖ឌីណា