Register Already an agent ? Login

រយៈពេល ៦ខែឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៥,១៥២.៦ប៊ីលានរៀល ថយចុះ ១៦.២%

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយបានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០ ប្រមូលចំណូលបានចំនួន ៥,១៥២.៦ប៊ីលានរៀល (ប្រមាណ ១,២៧២.២លានដុល្លារ) ថយចុះប្រមាណ ១៦.២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

អគ្គនាយកដ្ឋានគយ បានបន្តឱ្យដឹងទៀតថា ការថយចុះ ១៦.២ភាគរយនេះ ក្នុងនោះ ចំណូលពីមុខទំនិញយានយន្តថយចុះ ៣១.៧ភាគរយ, គ្រឿងសំណង់ថយចុះ ២៨.២ភាគរយ នៅពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង ៥.៥ភាគរយ និងមុខទំនិញចម្រុះផ្សេងទៀតមានកំណើន ៣.១ភាគរយ។

«ការនាំចូលមុខទំនិញយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់ មានការធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ»។ ជាការបញ្ជាក់ អគ្គនាយកដ្ឋានគយថា ប្រភេទពន្ធនិងអាករសំខាន់ៗ ដែលប្រមូលដោយគយមាន ពន្ធគយ (ពន្ធនាំចូល) អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។

តួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ មានការប្រែប្រួលដូចដូចជា តម្លៃនាំចូលសរុបថយចុះ ៩.៤ភាគរយ និងតម្លៃនាំចេញសរុបថយចុះ ០.៧ភារយ ក្នុងនោះតម្លៃផលិតផលកាត់ដេរនាំចេញថយចុះ ៧.៥ភាគរយ ក៏ប៉ុន្តែតម្លៃផលិតផលស្រូវ អង្ករ កៅស៊ូ និងកសិផលផ្សេងទៀត សរុបកើនឡើង ១៤.៥ភាគរយ។ បើតាមការបន្ថែម អគ្គនាយកដ្ឋានគយ បញ្ជាកទៀតថា ការធ្លាក់ចុះក្នុងឆមាសទី១ ឆ្នាំ២០២០ គឺដោយសារកត្តាសំខាន់ដូចជា ការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញរបស់កម្ពុជា និងលំហូរពាណិជ្ជកម្មអន្តរជាតិ រងផលប៉ះពាល់ធ្ងន់ធ្ងរ៕

ដោយ៖ឌីណា