ភ្នំពេញ៖ ទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ សរុបចំនួន ៦៩.០៣គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង រកឃើញ និងដកហូត។ ចំណែក មន្រ្តីនៅខេត្តស្វាយរៀង បានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមីចំនួន ៣៥គីឡូក្រាម។ បើតាមទំព័រហ្វសប៊ុក អគ្គ.ក.ប.ប។
បើតាមមន្រ្តីជំនាញ អគ្គ.ក.ប.ប បានឱ្យដឹងថា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដោយរសហការជាមួយមន្ត្រីពាក់ព័ន្ធ ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សាគោកមន មានទីតាំងនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។
មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដូចជា៖ សារាយកាត់ មីលឿង ប្រហិតសាច់គោ និងពពុះសណ្ដែក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។ បើតាមមន្រ្តីដដែល។
លទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ រួមមាន៖ ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន ០៨គីឡូក្រាម, ស្រាបៀរចម្រុះ និងទឹកផ្លែឈើចម្រុះ ចំនួន ៨៧ដប, មី,ស្ករគ្រាប់ និងម៉្សៅស៊ុបខ្នរចំនួន ៥០កញ្ចប់, ទឹកក្រូចចម្រុះ និងទឹកជ្រលក់ ២៩ដប, នំចម្រុះ និងចាហួយ ២១ប្រអប់, ទឹកដោះគោខាប់ និងមៀនកំប៉ុង ៤កំប៉ុង សរុបផលិតផលម្ហូបអាហារ និងទំនិញដកហូតបានសរុបចំនួន ៦៩.០៣គីឡូក្រាម។
មន្រ្តីជំនាញដដែលបានបន្ថែមថា នៅថ្ងៃខែឆ្នាំដដែល មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយបានការសហការជាមួយមន្រ្តីពាក់ព័ន្ធ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ក្នុងទីរួមខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ២៥គំរូ និងបន្លែ ៤០គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញម្ហូបអាហារ និងបន្លែមានផ្ទុកសារធាតុគីមី មួយចំនួនដូចជា៖ ម្ទេស និងស្លឹកគូឆាយ (មានថ្នាំសំណល់កសិកម្ម), ងៀតបបែល ចំនួន ៣០ គីឡូក្រាម និងពពុះសណ្តែក ចំនួន ៣៥គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)។
មន្រ្តីមន្រ្តីជំនាញ អគ្គ.ក.ប.ប បានបញ្ជាក់ថា មន្រ្តីជំនាញខេត្តទាំងពីរខាងលើ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
ដោយ៖ឌីណា