ភ្នំពេញ៖ ក្រសួងកសិកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការ នាំចេញ» ជាមួយក្រុមហ៊ុន Yamato Green Co., Ltd នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួកសិកម្ម។ បើតាមគណីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។
យោងលើកខ្លឹមសារនៃសេចក្តីថ្លែងហេតុ បានឱ្យដឹងថា ការចុះ MoU នេះ មានគោលបំណងសំខាន់ៗ ដូចជា ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។
សេចក្ដីថ្លែងហេតុបន្តថា MoU នេះចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាពបន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ។ ជាមួយគ្នា លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេកវិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ) និងការប្រើប្រាស់ធាតុចូល។
នៅក្នុងពិធីចុះ MoU រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា ព្រឹត្តការនាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍផលិតកម្មបន្លែកម្ពុជា ឱ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ ការចាប់យកកាលានុវត្តភាព ជាពិសេសតាមអនុសាសន៍ណែនាំ របស់សម្តេច ហ៊ុន សែន ដែលធ្លាប់បានថ្លែងកន្លងមក។
លោក ថ្លែងបន្តថា ជាក់ស្តែង គោលបំណងសំខាន់ៗទាំង ៤ខាងលើបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: គ្រួសារទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។
ក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេសក្នុងកាល:ទេស: ដែលពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ បានផ្តល់ឱកាសមាសដល់ប្រជាកសិករយើងប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការក្នុងគ្រួសារ មកផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារពោលពី «កសិករ ទៅជាកសិ-ពាណិជ្ជករ» វិញ។ ជាការបន្ថែមរបស់ លោក រដ្ឋមន្រ្តីក្រសួងកសិកកម្ម បញ្ជាក់ ឯកសារ MoU ដែលបានចុះហត្ថលេខានាថ្ងៃនេះមានលក្ខណ:គ្រប់គ្រាន់ក្នុងការបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកយ៉ាងប្រទាក់ក្រឡាក្នុងខ្សែច្រវាក់ផលិតកម្មបន្លែដោយចាប់ផ្តើមពីការដាំ ការថែរក្សា (ទឹក ជី ថ្នាំ ជំងឺ និងសត្វល្អិត) ការប្រមូលផល ការវេចខ្ចប់ ការរក្សាទុកក្នុងទូត្រជាក់ និងការដឹកជញ្ជូនទៅកាន់ទីផ្សារ ការផ្គត់ផ្គង់ធាតុចូល ការស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេស។ល។
«សង្ឃឹម និងជឿជាក់ថាគម្រោងវិនិយោគនេះ នឹងធ្វើឱ្យមានការកែប្រែនៅលើខ្សែច្រវាក់ផលិតកម្មបន្លែកម្ពុជានាពេលបច្ចុប្បន្ន ឱ្យមានលក្ខណ:ល្អប្រសើរ ទំនើប និងមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ហើយអាចឈានចាប់យកបាននូវឱកាសនៃការប្រកួតប្រជែងក្នុងការនាំចេញក្រោមស្លាកសញ្ញា "Product of Cambodia" ហើយនេះគឺជាមោទនភាពជាតិយើង»។ ជាបញ្ជាក់បន្តទៀតរបស់ លោក រដ្ឋមន្រ្តី។
នៅក្នុងពិធីខាលើនេះដែរ Dr. Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន ដែលចុះ MoU បានថ្លែងថាក្នុងនាមឱ្យនាយកក្រុមហ៊ុន និងដៃគូពាក់ព័ន្ធក្នុងគម្រោងសូមសម្តែងនូវឆន្ទ:យ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលមាននាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា។
«ជាមួយគ្នានោះ ធានាបរិមាណផ្គត់ផ្គង គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ ហើយក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មបន្លែនេះទៅតាមជំនាញនីមួយៗ ហើយពិតណាស់កសិករជាអ្នកផលិតគឺជាដៃគូមិនអាចខ្វះបានក្នុងការឈានទៅសម្រេចជោគជ័យតាមផែន ការនេះ»។ ជាការបញ្ជាក់ របស់ Dr. Nabeshima។
លោក បានបន្ថែមថា ក្នុងនាមលោកតំណាងក្រុមហ៊ុននីមួយៗ ស្នើសុំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឱ្យបានពេញលេញ ដើម្បីឱ្យកាអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់៕
ដោយ៖ឌីណា