ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រដ្ឋាភិបាលថៃ មកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៣ខែ ១៥ថ្ងៃ មានប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍ នៅក្រៅប្រទេស ជាពិសេសប្រទេសថៃចំនួនសរុបចំនួន ជាង១០០,៥៦៨នាក់។ តាមការលើកឡើងឱ្យដឹងពី លោក ស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។
នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជាស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស្រី ជូ ប៊ុនអេង បានថ្លែងបន្តថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាក ដែលធ្វើឱ្យពលករបាត់បង់ការងារ និងបានរុញច្រានឱ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។
អនុប្រធាន គ.ជ.ប.ជ បញ្ជាក់ ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ហើយប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេស បន្ដរឹតត្បិតក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន៕
ដោយ៖ឌីណា