Register Already an agent ? Login

ខេត្តឧត្តរមានជ័យ មានគ្រាប់មីនជាង ២៧៥លានតោន នៅលើផ្ទៃដីចំនួនជាង ២ម៉ឺនហិកតា

ឧត្តរមានជ័យ៖ ចាប់ពីសតវត្សទី៦០ កម្ពុជាទទួលរងនៅសង្គ្រាម ដែលបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ទៃក្នុង និងនៅតំបន់ព្រំដែន ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានគ្រាប់មីនប្រមាណប្រមាណពី៤ ទៅ៦លានគ្រាប់ ចាប់ពីខេត្តកោះកុង រហូតដល់ខេត្តព្រះវិហារ។ នៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ តាមរយៈការទម្លាក់គ្រាប់ពីលើអាកាសដោយអាមេរិក មានជាង ២៧៥លានតោន។ តាមការលើកឡើងរបស់ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ។

នៅកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងបន្តថា ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឱ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ភ្លឺប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងអាយុជីវិត ភាពកំព្រីកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។

លោក បានថ្លែងបញ្ជាក់ «សង្គ្រាមបានចប់រលត់ទៅតែបានបន្សល់ទុកនូវគ្រប់មីននៅលើផ្ទៃដីចំនួនប្រមាណ ២៦០ ៧២ហិកតា ដែលត្រូវសង្ស័យថាមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កេរ្តិ៍ដំណែលពីសង្រ្គាមទាំងនេះមិនត្រឹមតែឆក់យកអាយុជីវិត នឹងធ្វើឱ្យពិការដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានឧបសគ្គ រារាំងដល់សកម្មភាពអភិវឌ្ឍន៍មូលដ្ឋានថែមទៀតផង»។

នាឱកាសក្នុង លោក បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះត្រូវ ការនូវធនធានមនុស្សសម្ភារ និងថវិកាជាច្រើនទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។

លោក អភិបាលខេត្ត បានពាំនាំនូវអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជា ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយអប់រំយល់ដឹងអំពីមីន ដែលមិនទាន់ផ្ទុះពីសង្គ្រាម ឱ្យបានទូលំទូលាយជាសាធារណៈនៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ។

ជាមួយគ្នានោះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនៅសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់ប្រតិបត្តិករជាតិ និងអន្តរជាតិ។ និងសូមឱ្យមន្ទីរអប់រំខេត្ត ពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន នៅតាមសាលារៀន។

ក្នុងនោះផងដែរ ស្នើឱ្យកងកម្លាំងនគរបាលខេត្ត ឬប៉ុស្តិ៍នគរបាល ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ពីមីន និងសំណល់ជាតិផ្ទុះដល់សហគមន៍ និងសូមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគ្រាប់យុទ្ធភណ្ឌដែលសល់ពីសង្គ្រាមផងដែរ និងអនុវត្តច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ដោយ៖ឌីណា