Register Already an agent ? Login

រយៈពេល ៦ខែ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល

ព្រះសីហនុ៖ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល។បើតាមការថ្លែងឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

នៅកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ តាមចរាចរណ៍លេខ០៤-០៥ របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ លោក គួច ចំរើន ថ្លែងបញ្ជាក់ «ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល»។

កិច្ចប្រជុំខាងលើដែលធើ្វឡើកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀរគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។

លោក ថា ទន្ទឹមនេះកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៏ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមរៀបចំគម្រោងផែនការសកម្មភាពអភិវឌ្ឍ ដោយមានការចូលរួមពីមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់ ធ្វើការងារជាក្រុមច្របាច់បញ្ចូលគ្នា រៀបចំផែនការយុទ្ធសាស្ត្រឱ្យចំគោលដៅ។

ម្យ៉ាងទៀតមកដល់ពេលនេះថវិកាឆ្នាំ២០២០ មិនទាន់បានអនុវត្តបានពេញលេញ ក្នុងគម្រោងទាំង១៣ ដូច្នេះយើងត្រូវរួមគ្នាជម្រុញផែនការប្រើប្រាស់ថវិការបស់យើងបម្រើអត្ថប្រយោជន៍ និងគុណប្រយោជន៍ក្នុងខេត្តព្រះសីហនុរបស់យើង។ ជាការបន្ថែមរបស់ លោក អភិបាលខេត្តព្រះសីហនុ បានធ្វើផ្តាំផ្ញើដល់ អភិបាល ក្រុង ស្រុក មន្ទីរ អង្គភាព ឃុំ សង្កាត់ ត្រូវតាមដានស្តាប់នូវបទបង្ហាញដោយយកចិត្តទុកដាក់ដើម្បីធ្វើផែនការ ឱ្យបានទាន់ពេលវេលាតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងក្នុងខេត្ត៕

ដោយ៖ឌីណា