Register Already an agent ? Login

ក្នុង១ថ្ងៃ សំរាមនៅភ្នំពេញមានចន្លោះពី ២៧០០ទៅ៣០០០តោន ភាគច្រើនជាសំណល់ម្ហូបអាហារ និងប្លាស្ទិកជាង១៨%

ភ្នំពេញ៖ នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២៧០០ ទៅ ៣០០០តោនក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០ភាគរយ សំណល់ក្រដាស ៦ភាគរយ កៅស៊ូ និងស្បែក ០,២ភាគរយ សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា ជាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

ការថ្លែងខាងលើរបស់ លោក នេត្រ ភក្ត្រា នាពេលសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុង បុរី ប៉េង ហួត បឹងស្នោរកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា «ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ម៉ឺននតោនក្នុងមួយថ្ងៃ»។

លោក នេត្រ ភក្ត្រា បន្តថា ក្នុងនាម លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកមានជំនឿថាគម្រោងផ្តើមពីយើង នឹងទទួលបានជោគជ័យ ហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជា។

អ្នកអ្នកនាំក្រសួងប្ររិស្ថាន បញ្ជាក់ទៀត សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃនិងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្តិ៍ដាក់លើដំណាំឬរុក្ខជាតិផ្សេងទៀតបាន។

លោក រដ្ឋលេខាក្រសួងបរិស្ថាន បានអំពាវសូមឱ្យប្រជាពលរដ្ឋ ចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃនិងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះថ្នាក់៕

ដោយ៖ឌីណា