Register Already an agent ? Login

ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបានជិត ២លានហិកតា ស្មើនឹងជាង៧៥% នៃផែនការចំនួនជាង ២លានហិកតា

ភ្នំពេញ៖ របាយការណ៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានឱ្យដឹងថាគិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ការស្ទូងនិងព្រួសចំនួន ១ ៩៤៩ ៧២៥ ហិកតា ស្មើនឹង ៧៥,២៨ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា។

របាយការណ៍បានបន្តថា ផ្ទៃដីជាង១លានហិកតា មានស្រូវស្រាលចំនួន ៦១០ ៧៣៦ហិកតា, ស្រូវកណ្តាលចំនួន ៩៥៣ ៥២៦ហិកតា, ស្រូវធ្ងន់ចំនួន ៣៣៤ ៦៩៤ហិកតា, ស្រូវចម្ការចំនួន ១៧ ៦៨៣ហិកតា, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ហិកតា។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៣២ ៥៦៥ហិកតា ទទួលបរិមាណផលសរុបចំនួន ១៤១ ០៣២តោន ទិន្នផលគិតជាមធ្យម ៤,៣៣១តោក្នុងមួយហិកតា ដែលចាត់ទុកថា ជាការទទួលបានផលខ្ពស់ជាងបណ្តាឆ្នាំដ៏ទៃទៀត។

លោក បានបញ្ជាក់ទៀត «យើងបានជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនៅតាមឃុំ ស្រុកខ្លះ នៅទូទាំងប្រទេស មួយចំនួនផងដែរ ប៉ុន្តែមិនប្រឈមខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះទេ»៕

ដោយ៖ឌីណា