Register Already an agent ? Login

កម្ពុជា-កូរ៉េ បានប្រកាសចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដើម្បីប្រកាសការចាប់ផ្តើមការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។ បើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារនៃប្រទេសទាំងពីរបានជួបប្រជុំជាច្រើនលើកច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ទី១.ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ទី២.ការរៀបចំគោលការណ៍រួមនៃការចរចា និង ទី៣.ការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។ ជាការបន្តរបស់ក្រសួងដដែល។

ក្រសួងបានបន្ថែមថា រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយពឹងផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

ក្រសួងបានបានបន្ថែមទៀតថា នៅក្នុងនោះដែរ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានេះ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាម «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា» និង «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត។ ជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម។

គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២លានដុល្លា មានការកើនឡើង ២៥៤ភាគរយ ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១លានដុល្លា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥ភាគរយក្នុងមួយឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕

ដោយ៖ឌីណា