ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេ៤-ផ្លូវជាតិលេខ១) មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧.៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ និងកម្រាស់ ២២សង់ទីម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) សម្រេចការសាងសង់ ៣៩,៧៦ភាគរយហើយ។ បើតាមការទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។
កំណាត់ផ្លូវក្រវាត់ក្រុងនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A និងផ្លូវលេខ១១០ ឆ្ពោះទៅផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+១៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តភ្ជាប់ទៅកាន់ចំណតផែកុងតឺន័រថ្មីរបស់កំពង់ផែស្វ័យតភ្នំពេញឋិតនៅស្រុកកៀនស្វាយខេត្តកណ្ដាល ជាពិសេសកំណាត់ផ្លូវនេះតភ្ជាប់ផ្លូវ អាស៊ានហាយវេ AH1និងAH11 និងផ្លូវដែលជាច្រករបៀងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀត។ បើតាមការបន្តរបស់ក្រសួងដឹកជញ្ជូន។
ការ សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ធ្វើឡើងតាមផែនការមេ និងចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋា ភិបាល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលនានារបស់ប្រជាពលរដ្ឋប្រកប ដោយសក្ដានុពល ជាពិសេសរួមចំណែកដល់ការរំដោះការកកស្ទះចរាចរណ៍នៃយានយន្តដឹកជញ្ជូន ទំនិញធំៗចេញ-ចូលរាជធានីភ្នំពេញផងដែរ។ ជាថ្លែងរបស់ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន តំណាងលោកស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ កាលបីថ្ងៃទី៩ ខែកក្កដា នេះ។
«ការចុះត្រួតពិនិត្យនេះធ្វើឡើង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង»។ ជាការបញ្ជាក់ របស់ លឹម ស៊ីដេនីន។
ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យា ឬសៀវភៅបន្ទុក ពោលគឺគុណភាពនៃការសាងសង់អាចទទួលយកបាន ហើយគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កំណាត់ផ្លូវនេះសម្រេចការសាងសង់បានចំនួន៣៩,៧៦% និងគ្រោងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២១ខាងមុខ។ ជាការបន្ថែមរបស់ លោក លឹម ស៊ីដេនីន ដែលបានចុះពិនិត្យផ្លូវនេះ។
លោក រដ្ឋលេខាធិការរូបនេះ បានលើកឡើងអំពីការសិក្សាលទ្ធភាពលើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៤ ដែលជាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥១ និងលេខ៤១ អាចសម្រួលដល់ ការធ្វើដំណើរឱ្យកាន់តែងាយស្រួល រហ័សទាន់ចិត្ត ចំណេ ញពេលវេលា និងចំណាយតិចផងដែរ៕
ដោយ៖ឌីណា