ភ្នំពេញ៖ នៅក្នុងជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត និងលោក ស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួមពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។ បើតាមការទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ក្រសួងបានបន្តថា លោក រដ្ឋមន្រ្ដី ក៏បានពិភាក្សាជាមួយ លោកស្រី ឯកអគ្គរដ្ឋទូត នូវលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្រសួងបានបន្ថែមថា ក្នុងកិច្ចជំនួបនេះ លោក រដ្ឋមន្រ្ដី និងលោកស្រីរដ្ឋទូត បានពិភាក្សាពីទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្ដបន្ទាប់។
នៅក្នុងកិច្ចពិភាក្សានោះ លោក ប៉ាន សូរស័ក្ដិ បានស្នើសុំជំនួយពីភាគីឥណ្ឌាផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាម ដែលនៅប្រទេសកម្ពុជា។ បើតាមការបន្ថែមទៀតរបស់ក្រសួងដដែ។
លោកស្រីរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម៕
ដោយ៖ឌីណា