ភ្នំពេញ៖ រដ្ឋបាលដ្នាក់ក្រោមជាតិត្រូវទប់ស្កាត់ដាច់ខាតកុំឱ្យមាន ការរុករានទន្ទ្រានដី ដោយខុសច្បាប់បន្ដទៀត ដើម្បីបង្ការកុំឱ្យក្លាយ ជាសង្គ្រាមដីធ្លី។ បើតាមលិខិរបស់ សម្ដេច ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមគោលការណ៍ ណែនាំរាជរដ្ឋាភិបាល ដើម្បីជំរុញការកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផល ជាក់ស្ដែងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលឱ្យបានល្អប្រសើរ។
លិខិតបញ្ជាទៅគ្រប់អភិបាលខេត្ត ស្ដីពី «ការជំរុញទប់ ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៅតាមបណ្តាខេត្តនានា» ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់យ៉់ាងច្បាស់ៗថា « ផ្អែកតាមលទ្ធផលនៃ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ណែនាំឱ្យ រដ្ឋមន្ដ្រីរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមខេត្ត និងត្រូវបន្ថែមការត្រៀមបម្រុងដី ១០ភាគរយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍»។
សម្ដេច ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបញ្ជាទៅរដ្ឋបាលខេត្តដូចខាងក្រោម៖
ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងនូវទិន្នន័យ ស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិត នៅក្នុងផែនទីតំបន់ ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមខេត្តនានា ដើម្បីចាត់ចែងកាត់ឆ្វៀលដី និងផ្ដល់កម្មសិទ្ធិដីជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០ភាករយ សម្រាប់ការប្រើប្រាស់រួមរបស់សហគមន៍។
ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធការកាន់កាប់ដីធ្លី របស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់បន្ថែមទៀត។
ត្រូវខិតខំអប់រំណែនាំ និងបកស្រាយបំភ្លឺ អំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយមិនត្រូវជឿតាមការ ញុះញង់ អូស ទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនោះ ស្របតាមច្បាប់ជាធរមាន។
ចំពោះទីតាំងដីធ្លីមានទំនាស់ ត្រូវខិតខំ សម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យបានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារ តវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។
ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារនានាពាក់ព័ន្ធដីធ្លីឱ្យបានត្រឹមត្រូវតាមច្បាប់ បែបបទនីតិវិធី និងគោលការណ៍ ណែនាំជាធរមាន។
សម្ដេច បញ្ជាក់ទៀត អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំអប់រំប្រជាពលរដ្ឋឱ្យចូលរួមរក្សាការពារ បរិស្ថានធនធានធម្មជាតិ ការពារដីធ្លីសាធារណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការចូលទន្ទ្រាន់កាន់កាប់ដីព្រៃ ការរានព្រៃដើម្បីកាន់កាប់ដី ការចូលទន្ទ្រានកាន់កាប់ដីសាធារណៈ ដីសហគមន៍ និងដីឯកជន តាមគ្រប់រូបភាព៕
ដោយ៖ឌីណា