Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់ឆ្នាំ២០២០ បានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមាន ៥,៣% ប៉ុន្តែឆ្នាំ២០២១ រំពឹងថាងើបឡើងវិញ ៣,៣%

ភ្នំពេញ៖ វិស័យសំណង់ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនអវិជ្ជមាន ៥,៣ភាគរយ ក្នុងឆ្នាំ២០២០ និងរំពឹងថាងើបឡើងវិញជាមួយនឹងកំណើនទាបក្នុងអត្រា ៣,៣ភាគរយ ក្នុងឆ្នាំ២០២១។ នេះបើតាមសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញសាធារណៈ សម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ «ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០» របស់ក្រសួងសេដ្ឋកិច្ច។

នៅក្នុងសេចក្ដីព្រាងច្បាប់ បានបញ្ជាក់ «ក្នុងឆ្នាំ២០២០ វិស័យនេះ មានការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលអំឡុងឆ្នាំ២០០៨-២០០៩ ដែលបណ្ដាលមកពីការរំពឹងទុកនៃការធ្លាក់ចុះរំហូទុនវិនិយោគបរទេស ជាពិសេសពីប្រទេសចិន។ និងតម្រូវការសាងសង់អគារបម្រើឱ្យវីស័យទេសចរណ៍ និងពាណិជ្ជកម្ម ព្រមទាំងការធ្លាក់ចុះទំនុកចិត្តវិនិយោក្នុងស្រុកដោយសារការីករាលដាលនៃជំងឺកូវីដ-១៩»។

ក្រសួងសេដ្ឋកិច្ចបាន លើកទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០២១ វិស័យសំណង់នឹងត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រាទាប ដោយសារថាវិស័យនេះត្រូវការពេលវេលា ដើម្បីស្ដារទំនុកចិត្តសម្រាប់អ្នកវិនិយោគ។ ជាមួយគ្នានេះ វិស័យនេះ បានពឹងផ្អែកខ្លាំងលើលើទុនវិនិយោគពីខាងក្រៅ ដូចនេះផលប៉ះពាល់អវិជ្ជមានពីវិបត្តិកូវីដ-១៩ និងបញ្ហាណាមួយដែលបង្អាក់ដល់កំណើនសេដ្ឋកិច្ចពិភពលោក នឹងបង្កជាហានិភ័យដល់វិស័យសំណង់នៅកម្ពុជា។

នៅក្នុងសេចក្ដីព្រាងច្បាប់ បានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តឃ្លាំមើលដោយយកចិត្តទុកដាក់ និងសិក្សាឱ្យបានស៊ីជ្រៅពីការវិវត្តនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដើម្បីដាក់ចេញគោលនយោបាយអន្តរាគមន៍បានទាន់ពេលវេលាក្នុងការបញ្ជៀសហានិភ័យដែលអាចកើតមានឡើង។

ចំពោះវិស័យអចលនទ្រព្យ ត្រូវបានព្យាករថានឹងមានកំណើនអវិជ្ជមាន ក្នុងអត្រា ៥,១ភាគរយ ក្នុងឆ្នាំ២០២០ និងរំណឹងថាងើបឡើងវិញជាមួយនឹងអត្រាកំណើនទាប ២,៦ភាគរយ ក្នុងឆ្នាំ២០២១។ បើតាមសេចក្ដីព្រាងច្បាប់ បញ្ជាក់ «ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុកការធ្លាក់ចុះនៃលមហូរទុនវិនិយោគពីចិន និងតំនុកចិត្តវិនិយោគក្នុងស្រុក ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩»។

ដោយឡែក ក្នុងឆ្នាំ២០២១ វិស័យអចលនទ្រព្យត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងកម្រិតទាប ដោយសារតែការរំពឺងទុកការកើនឡើងយឺតនៃលំហូរទុនវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ដែលជំរុញសកម្មភាពអចនទ្រព្យ និងតម្រូវការក្នុងស្រុក។​ តាមការអះអាងក្រសួងសេដ្ឋកិច្ច បញ្ជាក់ទៀតថា «យ៉ាងណាមិញ វិស័យនេះក៏ប្រឈមនឹងហានិភ័យដូចជាគ្នទៅនឹងវិស័យសំណង់ ហើយទំនាកទំនងខ្ពស់រវាងវិស័យនេះ និងវិស័យហិរញ្ញវត្ថុ ក៏បង្កជាក្ដីបារម្ភចំពោះលទ្ធភាពនៃការកើតមានវិបត្តិហិរញ្ញវត្ថុ ស្របពេលពេលសកម្មភាពវិស័យនេះ នឹងមានការធ្លាក់ចុះ។ ដូច្នេះ ការបន្តតាមដានវិស័យនេះ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ គឺជាការចាំបាច់ដើម្បីបញ្ចៀសនូវវិបត្តិដែលអាចកើតមានជាយថាហេតុ»៕

ដោយ៖ឌីណា