Register Already an agent ? Login

សម្ដេច ស ខេង៖ ប្រសិនបើ រាជរដ្ឋាភិបាលបន្ធូរការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងមានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន

ភ្នំពេញ៖ ប្រសិនបើ រាជរដ្ឋាភិបាលបន្ធូការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងមានប្រជាពលរដ្ឋស្លាប់កាន់តែច្រើនដូច្នេះទើបរាជរដ្ឋាភិបាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឱ្យបណ្ដាប្រទេស​ជាមិត្តកោត​សសើរកម្ពុជា។ ជាការលើកឡើងរបស់ របស់ សម្ដេច ស ខេង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំខាងលើ ប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេច ស ខេង បន្តថា ថា មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ជំងឺកូវីដ-១៩ យើងដាក់បន្ទុក​ទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្តឹង ដើម្បីយកលុយប្រជាពលរដ្ឋ។

«រាជរដ្ឋាភិបាល បានរឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោកក្នុងគោលបំណង ដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិជាដើម មិនមែនដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតនោះឡើយ»។ ជាការសង្តក់ធ្ងន់ ប្រធានគ.ស.ច.គ សម្ដេច បន្ថែមថា ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺនេះ នៅកម្ពុជាចំនួន១៤១នាក់ និងមិនទាន់មានអ្នកណាមួយស្លាប់ដោយសារជំងឺនេះនៅឡើយ ទេ ក៏ប៉ុន្ដែ ងាកមកមើលគ្រោះចរាចរណ៍វិញមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឱ្យប្រជាជនស្លាប់បន្ដទៀត។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ច្រានចោលចំពោះអ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មីថា គឺមិនឱ្យតម្លៃប្រជាពលរដ្ឋ ហើយត្រូវគិតពិចារណាឱ្យបានត្រឹមត្រូវឡើងវិញ។ សម្ដេច បញ្ជាក់ទៀតថា «គោលបំណងនៃការរឹតបន្ដឹង​ច្បាប់ចរាចរណ៍សព្វថ្ងៃនេះ គឺដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួម​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ»។

ស្ថាប័នពាក់ព័ន្ធត្រូវប្រមូលកម្លាំង និងធនធានបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ (២០២១-២០៣០) ហើយការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ត្រូវផ្អែកលើផែនការនេះ ពោលគឺធ្វើយ៉ាងណាឱ្យវិសោធនកម្មច្បាប់ និងផែនការយុទ្ធសាស្ត្រមានភាពស៊ីចង្វាក់គ្នា។ ជាការលើកឡើងបន្ថែមរបស់ សម្ដេច បន្តទៀតថា យើងបានសិក្សាលើការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ហើយសូមបន្តធ្វើការងារនេះបន្តទៀត ហើយសូមស្នើឱ្យមានការរៀបចំឱ្យរួចរាល់ ដើម្បីអញ្ជើញក្រសួង ស្ថាប័ន មន្ត្រីពាក់ព័ន្ធចូលរួមពិភាក្សា និងប្រមូលនូវយោបល់ផ្សេងៗ។

ប្រធានគ.ស.ច.គ បានបន្ថែមទៀតថា ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ ការធ្វើផែនការយុទ្ធសាស្ត្រនេះត្រូវ​ពិចារណាលើគ្រប់ស្ថានភាព ​ទាំង​ស្ថាន​ភាព​យានយន្ត ស្ថានភាពផ្លូវ និងចំណុចជាច្រើន ដូចជា ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ការគ្រប់គ្រង​ល្បឿន និង​សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវជាដើម។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍​ផ្លូវគោកតាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានពិន័យសរុបចំនួន ៨៣,៣៨៦ករណី ក្នុងនោះម៉ូតូ​ចំនួន ៦១,០២២នាក់ ស្មើ៧៣ភាគរយ និងរថយន្ដចំនួន ២២,៣៦៤ករណី ស្មើ២៧ភាគរយ។

បន្ថែមពីនេះ ការអនុវត្តបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាល​ចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួល បានប្រាក់ពិន័យ ចំនួន ១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់​ពិន័យចំនួន២០ភាគរយ៕

ដោយ៖ឌីណា