Register Already an agent ? Login

ឆមាសទី១ ត្រួតពិនិត្យរថយន្តសរុបចំនួនជាង ១លានគ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួនជិត ៣សែនគ្រឿង

ភ្នំពេញ៖ របាយការណ៍នៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ០៩៤ ៣៩៧គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ២៨១ ២៤៤គ្រឿង ស្មើនឹង ២៥.៧០ភាគរយ។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។

នៅក្នុងរបាយការណ៍បានបន្តថា រថយន្តជាង ១លានគ្រឿងខាងលើ មានរថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយ ចំនួន ២៧៩ ៤៧៨គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥ភាគរយ-១០ភាគរយ ចំនួន ២៧គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ១០ភាគរយ-២០ភាគរយ ចំនួន ១ ១៦៦គ្រឿង, រថយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ចំនួន ៥៧៣គ្រឿង។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារ ដែលសម្រេចបានក្នុងឆមាសទី១ ក្នុងឆ្នាំ២០២០ បានកោតសរសើរដល់មន្រ្តីដែលបានខិតខំអនុវត្តការងារកន្លងមក និងជំរុញមន្រ្តីទាំងអស់ឱ្យខិតខំបន្តអនុវត្តការងាររឹតបន្តឹងបទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើឡើង។

លោក បានណែនាំដល់មន្ត្រីតាមស្ថានីយឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។

គូសបញ្ជាក់ ក្នុងកិច្ចប្រជុំខាងលើ បានលើកឡើងពីទិសដៅការងារ ដែលត្រូវអនុវត្តក្នុងឆមាសបន្ទាប់ដូចជា ការបង្កើតទីតាំងស្ថានីយថ្មី ការរុះរើ និងការធ្វើឱ្យប្រសើរឡើងនៅតាមស្ថានីយមួយចំនួន៕

ដោយ៖ឌីណា