Register Already an agent ? Login

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានទទួលហិរញ្ញប្បទាន ៤,៦៨លានដុល្លារ ដើម្បីជួយកសិករជាង ៦ពាន់គ្រួសារ ប៉ះពាល់ដោយជំងឺកូវីដ-១៩

ភ្នំពេញ៖ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលឆ្នាំ២០១៥-២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មនៃកម្ពុជា ឆ្នាំ២០១៦-២០៣០ ជាពិសេស សារាចរណែនាំ ស្តីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម ស្ថិតក្នុងស្ថានភាពដែលមានការប៉ះពាល់ជាសកលបង្កដោយជំងឺកូវីដ-១៩ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានទទួលការគាំទ្រហិរញ្ញប្បទានជាបឋមចំនួនជាង ៤,៦៨ លានដុល្លារ ដើម្បីចាប់ផ្តើមសកម្មភាព ចុះជួយដល់កសិករជាង ៦ ០០០ គ្រួសារ បន្ថែមទៀត។ បើតាមគណីហ្វេសប៊ុក លោក វេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

លោក រដ្ឋមន្រ្តីក្រសួងកសិកម្មឱ្យដឹងថា ការឧបត្ថម្ភដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច បានសម្រេចគាំទ្រគម្រោងចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកដោយប្រើរយៈពេលខ្លី ចំណាយដើមទុនតិច និងទទួលបានប្រាក់ចំណូលនៅខេត្តចំនួន១០ មាន ខេត្តរតនគីរី មណ្ឌលគីរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និងខេត្តប៉ៃលិន។

លោក វេង សាខុន បន្តថា កញ្ចប់ថវិកាពិសេសចំនួន ២០០លានរៀល ផ្តោតលើសកម្មភាពសំខាន់ដូចជា ចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទីកចំនួន ១ ០០០គ្រួសារកសិករ, ការចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទីកចំនួន ៧០០គ្រួសារកសិករ និងការពង្រឹងសមត្ថភាពកសិករផលិតកូនត្រីពូជ (ដោយផ្តល់អ័រម៉ូន ចំណី និងកូនត្រីពូជ) ចំនួន ៥០គ្រួសារកសិករ។

លោក បានបន្ថែមថា ការឧបត្ថម្ភដោយអង្គការដៃគូអភិវឌ្ឍន៍ តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្មនៅកម្ពុជា (Cap-Fish-វារីវប្បកម្ម) ដែល EU និងគ្រប់គ្រងដោយភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានអនុម័តលើការគាំទ្រគម្រោងជំរុញវារីវប្បកម្មតាមជនបទ ឆ្លើយតបនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ មានរយៈពេល១ឆ្នាំ។

លោក រដ្ឋមន្រ្តីបញ្ជាក់ គម្រោងខាងលើមានទឹកប្រាក់សរុបចំនួន ១ ១២៩ ៧៩៧ ដុល្លារ ដែលផ្តោតលើការគាំទ្រការចិញ្ចឹមត្រីអណ្តែងចំនួន ១ ០០០គ្រួសារកសិករ និងកង្កែប ១០០០គ្រួសារកសិករ និងគាំទ្រកសិករផលិតកូនត្រីអណ្តែងចំនួន ២០គ្រួសារ ព្រមទាំងកសិករផលិតកូនកង្កែបចំនួន ៣៥គ្រួសារ។ លោក បន្តទៀតថា គម្រោងនេះមាននៅក្នុងគោលដៅចំនួន ១០ខេត្ត មាន៖ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងបន្ទាយមានជ័យ។

បើតាម លោក វេងសាខុន បន្ថែមទៀតថា រដ្ឋបាលជលផលបានដាក់សំណើគម្រោង «ការពង្រឹងវារីវប្បកម្មកម្ពុជា នាអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម ដែលឧបត្ថម្ភដោយហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WorldBank) ដែលមានទឹកប្រាក់សរុបចំនួន ៣ ០៥៩ ៦២០ដុល្លារ។

លោក បញ្ជាក់ទៀតថា គម្រោងនេះ នឹងអនុវត្តជួយផ្តល់បច្ចេកទេសចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងតង់ប្លាស្ទីកចំនួន ២ ០០០គ្រួសារកសិករ និងជួយឧបត្ថម្ភដល់កសិករផលិតខ្នាតមធ្យម ចំនួន ២៦០គ្រួសារកសិករ។ គម្រោងនេះ នៅក្នុងគោលដៅចំនួន ១២ខេត្តមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕

ដោយ៖ឌីណា