Register Already an agent ? Login

គណៈរដ្ឋមន្ត្រី ពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម នៅកម្ពុជា

ភ្នំពេញ៖ អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ។

សូមសង្ខេបនូវសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម​ នៅកម្ពុជា

គោលបំណងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមានអាជីវកម្មកាស៊ីណូនៅក្រៅរង្វង់ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានជាអាទិ៍៖  អភិវឌ្ឍន៍តំបន់ព្រំដែនដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។ ការពារខ្សែក្រវ៉ាត់ព្រំដែន តាមរយៈការសាងសង់អាគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការកើនឡើងនៃការតាំងទីលំនៅថ្មីរបស់ប្រជាជន។ គាំទ្រដល់ការអភិវឌ្ឍវិស័ទេសចរ ណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ បង្កើតប្រភពចំណូលថវិកាជាតិ។

នៅក្នុងការអនុវត្តជាក់ស្ដែង នារយៈពេលកន្លងមក រាជរដ្ឋាភិបាល បានប្រឈមនឹងលំបាកជាច្រើន ក្នុងការទាក់ទាញវិនិយោគទុនឯកជន ឱ្យមកបណ្ដាក់ទុនលើវិស័យនេះ នៅតំបន់ព្រំដែនដែលជាតំបន់ដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋជាដើម។ ទោះជាយ៉ាងនេះក្ដី ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាពទុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាល វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន បានចាប់ផ្ដើមដំណើរការវិនិយោគកាស៊ីណូនៅតំបន់ប៉ោយប៉ែតនាអំឡុងឆ្នាំ១៩៩៩។

ជាទិដ្ឋភាពគតិយុត្ត មាត្រា១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបា ជាច្រើនឆ្នាំកន្លងមកនេះ វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន ក៏បានដំណើរការវិនិយោគលើវិស័យកាស៊ីណូនៅតំបន់ដែលបានទទួលការអនុញ្ញាត។

តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែងពាណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និងក្នុងប្រទេសជាច្រើននៅលើពិភពលោក ទាំងក្នុងទម្រង់ផ្លូវការ ឬមិនផ្លូវការ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលនៃប្រទេស កាន់តែច្រើនឡើងសម្រេចទទួលស្គាល់ជាផ្លូវការនូវពាណិជ្ជកម្មល្បែង ដោយបង្កើតក្របខ័ណ្ឌគតិយុត្ត ដើម្បីដាក់វិស័យនេះ ឱ្យស្ថិតនៅក្រោមដំបូលច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនេះ ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌលកំសាន្ត និងទស្សនាមណ្ឌលសន្និបាត ឬពីព័រណ៌ ហាងលក់ទំនិញរួចពន្ធ...ល។ បានបង្កើតជា មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Integrated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅនៅលើពិភពលោកថាជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងការងារជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

សេចក្ដីព្រាងច្បាប់នេះ និងលិខិតបទដ្ឋាន ព្រមទាំងគោលនយោបាយយុទ្ធសាស្ត្រពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យមានកាគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្រមក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មជាដើម។

ជារួម ប្រតិបត្តិករល្បែងពាណិជ្ជកម្មត្រូវបានអនុញ្ញាតក្នុងបរិបទទូលំទូលាយនៃការជំរុញវិស័យទេសចរណ៍ កាលានុវត្តភាពការងារ និងប្រាក់ចំណូល ជាពិសេស ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឃមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដែលជាទស្សនទានមួយថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។ សេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណ ៩ឆ្នាំ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ជាភាគីពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម៕

ប្រភព៖គណីហ្វេសប៊ុក លោក Siphan Phay

ដោយ៖ឌីណា