ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗ ទៅក្រសួង ៣ ដែលពាក់ព័ន្ធគ្នាថា ត្រូវតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ បានមករស់នៅលើទីតាំងដី ដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន។
ក្រសួងទាំង៣ ដែលត្រូវធ្វើកិច្ចការកាត់ដីឆ្វៀលជូនប្រជាលរដ្ឋ រួមមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី។ ជាការបន្តរបស់ ប្រមុខរាជរដ្ឋាភិ បានបញ្ជាក់ទៀតថា «កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋឱ្យភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត»។
បើតាម សម្ដេច នាយករដ្ឋមន្រ្តី បានបន្ថែមថា ទន្ទឹមនឹងនេះ សូមកុំឱ្យពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។
ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយឱ្យដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខ ដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើឱ្យបានហ្មត់ចត់ និងត្រឹមត្រូវបំផុត។ ជាការបញ្ជាក់បន្ថែមទៀត របស់ រាជរដ្ឋាភិបាល៕
ដោយ៖ឌីណា