ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករក្នុងបរិមាណ ៣៩៧ ៦៦០តោន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើនជាង ៤១ភាគរយ ប្រៀបធៀបទៅនឹងក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ បើតាមរបាយការការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា ការនាំចេញ ក្នុងឆមាសទី១ ឆ្នាំ២០២០ ទទួលបានប្រាក់ចំណូលជាង ២៦៤លានដុល្លារ។
របាយការណ៍បានបន្តថា ប្រទេសចិន បានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧ភាគរយ នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុងរយៈពេល១ឆមាស ដើមឆ្នាំ២០២០ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤ភាគរយ ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះ បារាំង ជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១ ១៧៥តោន។
សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានវិញឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ ១៣ភាគរយ ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះ ប្រទេសម៉ាឡេស៊ី ជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនិងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦ភាគរយ ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និង អូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។ បើតាមរបាយការណ៍ដដែល។
នៅក្នុងរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ «ចំពោះប្រភេទអង្ករសម្រាប់ការនាំចេញរយៈពេល ៦ខែដើមឆ្នាំ២០២០ អង្ករក្រអូប មានចំនួន ៧៧ភាគរយ មានបរិមាណ ៣០៦ ៧៨៦តោន គិតជាកំណើន គឺកើនឡើង ៣៣ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ដោយឡែកចំពោះអង្ករស និងអង្ករផ្សេងៗ មានចំណែកប្រមាណ ២៣ភាគរយ នៃការនាំចេញសរុប ដែលចំនួននៃចំណែកនេះ គឺមានកំណើនជិត៨០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយមូលហេតុតម្រូវការខ្ពស់លើអង្ករប្រភេទនេះ ក្នុងកាលៈទេសៈការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះជាប្រភេទអង្ករដែលមានតម្លៃធូរថ្លៃ»។
ម្យ៉ាងទៀត សម្រាប់ទីផ្សារខែមិថុនា ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់ សហគមន៍អឺរ៉ុប មានរហូតដល់ ១៣ ៥៦៦តោន ឬ ស្មើនឹង ៣៣ភាគរយ នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រទេសចិនបាននាំចូលអង្ករកម្ពុជា ប្រមាណជាជាង១១ ១២៤តោន ឬ ស្មើនឹង ២៧ភាគរយ នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ហើយអាស៊ាន និងទីផ្សារគោលដៅផ្សេងៗទៀតមានចំនួន ៤០ភាគរយ ឬក្នុងបរិមាណ ១៦ ៨៧៣តោន។ តាមការបន្ថែមនៅក្នុងរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមទៀតថា ចំពោះតម្លៃអង្ករនាំចេញ គិតត្រឹមកំពង់ផែ អង្ករក្រអូបប្រណីត មានតម្លៃជាមធ្យម ៩០០ដុល្លារ និងប្រភេទក្រអូបធម្មតា មានតម្លៃជាមធ្យម ៧៦០ដុល្លារ ហើយអង្ករ ស ប្រភេទបាយទន់ មានតម្លៃជាមធ្យម ៥២០ដុល្លារ។ សរុបជារួមមក ចំណូលដែលទទួលបានពីការនាំចេញអង្ករកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានទឹកប្រាក់សរុបប្រមាណ ២៣.៧លានដុល្លារអាមេរិក៕
ដោយ៖ឌីណា