ភ្នំពេញ៖ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បើតាមទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។
ការលើកឡើងខាងលើ របស់ លោក រដ្ឋមន្រ្តី នាឱកាសទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា នៅថ្ងៃទី២ ខែក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួននោះដែរ លោក ប៉ាន សូរស័ក្ដិ បានប្រាប់ទៅភាគីក្រុមអំពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។ លោក ថា តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគីគ្រោងបញ្ចប់ នឹងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំ២០២០នេះ។
«កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជា ក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក»។ ជាការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ។
ជាការឆ្លើយតប សមាគម JBAC បានទទួលយកសំណើរបស់ លោក រដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា៕
ដោយ៖ឌីណា